គណៈកម្មការទី៩រដ្ឋសភា ប្រជុំពិភាក្សាអំពីគម្រោងជួបសំណេះសំណាលសួរសុខទុក្ខនិងលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់សម្តេចប្រធានរដ្ឋសភា

ភ្នំពេញ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីផ្សព្វផ្សាយអំពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ទាក់ទងនឹងការអញ្ជើញចុះទៅជួបសំណេះសំណាល សួរសុខទុក្ខនិងលើកទឹកចិត្ត ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាព ទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ (តំបន់មុំបី) ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងទិសដៅការងារបន្តរបស់គណៈកម្មការ។
កិច្ចប្រជុំនេះបានត្រូវធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ។
លោកជំទាវប្រធានគណៈកម្មការទី៩ បានជម្រាបជូនអង្គប្រជុំអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងមក ដែលបានធ្វើការពិភាក្សាគ្នាទៅលើបញ្ហាសំខាន់ជាច្រើន ក្នុងនោះក៏បានលើកឡើងអំពីបញ្ហាព្រំដែនជាមួយប្រទេសថៃ ដែលកំពុងមានទំនាស់ជាមួយកម្ពុជាផងដែរ។
តាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺបានបង្ហាញពីការយកចិត្តទុកដាក់នៅក្នុងការជួយគាំទ្រ និងលើកទឹកចិត្តចំពោះកងទ័ពជួរមុខ៕


