អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក!
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្ររួចហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ដូច្នេះនេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។
ឯកឧត្ដមបន្តថា រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។
ឯកឧត្តម ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាទុកចិត្តលើថ្នាក់ដឹកនាំហើយជួយចូកជួយចែវ និងសូមកុំយកជើងរាទឹក៕