ឯកឧត្តម សុខ វាសនា ចុះសួរសុខទុក្ខកកងកម្លាំងកងវរសេនាតូចនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន

ភ្នំពេញ:នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខកកងកម្លាំងកងវរសេនាតូចនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូបានអញ្ជើញចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន រួមមាន វរសេនាតូចនគរបាលការពារព្រំដែនលេខ ៨២៣ ៣១០ខេត្តបាត់ដំបង និងវរសេនាតូចនគរបាលការពារព្រំដែនលេខ ៨២១ខេត្តប៉ៃលិន។
ក្នុងឱកាសចុះសួរសុខទុក្ខនៅតាមអង្គភាពកងកម្លាំងកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ឯកឧត្តម អគ្គនាយក ក៏បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក និងគណៈប្រតិភូ ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងវរសេនាតូចទាំងអស់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែនខេត្តបាត់ដំបង និងខេត្តប៉ៃលិន សូមយកចិត្តថែរក្សាសុខភាព និងសូមមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈឱ្យបានជាប់ជាប្រចាំសម្រាប់ករណីចាំបាច់ណាមួយកើតឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយក បាននាំយកនូវឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់កងកម្លាំងគ្រប់អង្គភាពទាំងនោះផងដែរ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អគ្គនាយក និងគណៈប្រតិភូ ក៏បានឆ្លៀតចូលសំណេះសំណាលជាមួយកងកម្លាំងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។

