សម្ដេចធិបតី កោតសរសើរ ចំពោះស្មារតីចូលរួមយ៉ាងផុសផុលតាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ដែលជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដើម្បីបន្តបេសកកម្មការពារជាតិ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីចូលរួមយ៉ាងផុសផុល តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ដែលជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ។
តាមរយៈបណ្ដាញសង្គមផ្លូវការនៅព្រឹកថ្ងៃទី១៨ មិថុនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា “សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពាបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត”។
នៅព្រឹកថ្ងៃនេះដែរតាមរយៈបណ្ដាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ជំហររបស់យើង គឺមិនចង់បានដីរបស់អ្នកណាម្នាក់ សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាត មិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជា មួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿន ការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕

