លោកជំទាវ សុវណ្ណ វណ្ណារតន៍ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) អំពីជម្រើសសម្រាប់ទីតាំងគម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនគណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា (BRIC) ដឹកនាំដោយលោក Yasuhiro YAMADA មន្ត្រីជាន់ខ្ពស់គោលនយោបាយមេគង្គ នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងក្នុងនាមប្រធានវិទ្យាស្ថាន ERIA លោក Tetsuya Watanabe ព្រមទាំងលោក Tsutomu Tamura មន្រ្តីសាជីវកម្ម Nippon Koei Co, Ltd. បានជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចប្រជុំក្នុងឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការស្នើសុំការណែនាំបន្ថែមស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា បានធ្វើបទបង្ហាញអំពីផែនការការងារ និងស្នើសុំការណែនាំអំពីជម្រើសទីតាំង២កន្លែង សម្រាប់គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសបៃតង SEZ នៅកម្ពុជា គឺមួយនៅតំបន់ក្បែររាជធានីភ្នំពេញ និងមួយទៀតនៅខេត្តពោធិ៍សាត់។ បន្ថែមលើនោះ គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវធុរកិច្ចកម្ពុជា ក៏បានស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយផ្គត់ផ្គង់កម្លាំងពលកម្មក៏ដូចជាជួយបណ្តុះបណ្តាលជំនាញសម្រាប់ពួកគាត់។
ជាការឆ្លើយតប លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា ក្រសួងនឹងសិក្សាលើសំណើទាំងនេះ ព្រមទាំងពិនិត្យមើលលទ្ធភាពក្នុងការសម្របសម្រួលធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញបន្ថែមទៀតដល់អ្នកវិនិយោគជប៉ុន៕

