សម្តេចតេជោ ប្រកាសទទួលខុសត្រូវចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅថៃ ឱ្យមកសិក្សានៅកម្ពុជាវិញ បើសិនជាថៃធ្វើទុក្ខបុកម្នេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសទទួលខុសត្រូវចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅថៃ ឱ្យមកសិក្សានៅកម្ពុជាវិញ បើសិនជាថៃធ្វើទុក្ខបុកម្នេញមិនឱ្យបានសិក្សារៀនសូត្រ ខណៈបើគ្មានលទ្ធភាពសិក្សាសម្ដេចនិងចេញថ្លៃជំនួស។
ក្នុងឳកាសអញ្ជើញថ្លែងសារពិសេស ពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាជនខ្មែរដែលទៅព្យាបាលជំងឺនៅថៃ បើសិនជាភាគីថៃមិនព្យាបាលឱ្យសូមត្រលប់មកព្យាបាលនៅខ្មែរវិញកុំបន្តព្យាបាលនៅថៃ។
សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន។
ជាមួយគ្នានេះសម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា៕

