អបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET(ធីវេទ) បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន” “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដោយមានការនិមន្តចូលរួមពី លោកឧត្តមសេនីយ៍ត្រី ស៊ីវ សុជាតិ ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបប្រមាណជាង ១០០០អង្គ/នាក់ ដែលប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(ផ្លូវចូលវត្តភ្នំជញ្ជាំង) នៅថ្ងៃអាទិត្យ ទី១៥ ខែមិថុនា ឆ្នាំ២០២៥។
លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យមានគោលដៅឲ្យយុវជន យុវនារី ចូលមកសិក្សាជំនាញថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស មុខជំនាញ៦រួមមាន៖១.វិស្វកម្មអគ្គិសនី ២.ព័ត៌មានវិទ្យា ៣.វិស្វកម្មសំណង់ស៊ីវិល ៤.វិទ្យាសាស្ត្រ និងវិជ្ជសាស្ត្រសត្វ ៥.យន្តសាស្ត្ររថយន្ត ៦.កសិកម្ម។ សម្រាប់កម្មវិធីបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈលើមុខទំនាញចំនួន ១១រួមមាន៖ ១.ការងារការ៉ូ ២.ការដំឡើងបណ្តាញបំពង់ទឹក ៣.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ៤.ការថែទាំ និងជួសជុលរថយន្ត ៥.ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ៦.ការថែទាំ និងជួសជុលទោចក្រយានយន្ត ៧.ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ៨.សេវាកម្មកុំព្យូទ័រ ៩.សេវាកម្មរដ្ឋបាល ១០.សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ១១.ធុរកិច្ចភេសជ្ជៈ។ចំពោះយុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះចូលរៀនដោយមិនបង់ថ្លៃ និងទទួលបានប្រាកឧបត្ថម្ភ ២៨០.០០០រៀល ក្នុង១ខែទៀតផង ចំពោះគ្រួសារណាមកពីឆ្ងាយ មានបន្ទប់ឲ្យស្នាក់នៅទៀតផង។
ទន្ទឹមជាមួយគ្នានោះលោកស្រី សំរិទ្ធ សូរ្យជាតិ បានបញ្ជាក់ថា៖ សិស្សកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឆ្នាំ២០២៥ មានចំនួនសិស្សសរុប ៩២០នាក់ ស្រី២១២ សិស្សគោលដៅសរុប ៣១០នាក់ ស្រី ១០១នាក់។ សិស្សទូទៅសរុប ៦១០នាក់ ស្រី ១០១នាក់។
ថ្លែនៅក្នុងឱកាសនោះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តមានប្រសាសន៍បញ្ជាក់ថា៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅកាត់ថា (TVET DAY) ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំក្នុង គោលបំណង ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់ សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល សាធារណៈជន និងផ្នែកឯកជនឱ្យបានយល់ដឹងអំពី សារៈសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំង ជំរុញការចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។
លោក អភិបាលរងខេត្ត បានសង្ឃឹមជឿជាក់យ៉ាងមុតមាំថា គ្រប់ក្រសួង/ស្ថាប័ន មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ និង ដៃគូអភិវឌ្ឍន៍ទាំងអស់ នឹងបន្តចូលរួមសហការគ្នាឱ្យបានផុសជុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង ការរៀបចំប្រារព្ធទិវាជាតិនេះនៅឆ្នាំបន្តបន្ទាប់ទៀតតាមគ្រប់រូបភាព ព្រមទាំង រួមចំណែកចូលរួមគាំទ្រលើកទឹក ចិត្តទាំងធនធានថវិកា និងធនធានសម្ភារៈក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍ កម្លាំងពលកម្មជំនាញនៅកម្ពុជា៕
ណុប រក្សា

