ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតីភាពប្រគល់ប័ណ្ណ ដល់និស្សិត សាកលវិទ្យាល័យជាតិមានជ័យ ២២៩រូប

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែមិថុនា ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាព ប្រគល់ប័ណ្ណសរសើរជូននិស្សិតពូកែលេខ១ លេខ២ និងលេខ៣ ប្រចាំឆ្នាំ នៃសាកលវិទ្យាល័យជាតិមានជ័យ សរុបចំនួ ន២២៩រូប។
បន្ទាប់ ពីបានស្តាប់របាយការណ៍ សង្ខេបរបស់សាកលវិទ្យាល័យជាតិមានជ័យ ពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យ ឯកឧត្ដម អ៊ុំ រាត្រី បានកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំរបស់សាកលវិទ្យាល័យជាតិមានជ័យ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតីប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមបេសកកម្មបណ្តុះបណ្តាលធនធានមនុស្ស រហូតទទួលបានទាំងកំណើននិស្សិត ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាព នៃការបណ្តុះបណ្តាល ដែលធ្វើឱ្យមានការទុកចិត្តខ្ពស់ពីសំណាក់សាធារណជន និងនិស្សិត។
ឯកឧត្ដម បន្តថា វិស័យអប់រំ គឺជាវិស័យស្នូល និងមានអាទិភាពខ្ពស់មួយក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃច្បាស់លាស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្ត ” យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ” បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្ដម ក៏បានបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រនេះ ផ្តោតលើវិធានការគន្លឹះ៥ចំណុចគឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ “មនុស្ស” ត្រូវបានដាក់នៅមុនគេ លេខរៀងទី១ ដែលបង្ហាញថា ការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពខ្ពស់បំផុត នៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិយើង។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិ មានជ័យ ជាគ្រឹះស្ថានអប់រំឧត្តមសិក្សាសាធារណៈមួយគត់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានអនុញ្ញាតឱ្យដំណើរការដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០៧ និងបានប្តូរឈ្មោះពីសាកលវិទ្យាល័យ មានជ័យ មកជាសាកលវិទ្យល័យ ជាតិមានជ័យ ដោយអនុក្រឹត្យលេខ ២០៧អនក្រ.បក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនូវជំនាញ ការស្រាវជ្រាវ និងនវានុវត្តន៍ប្រកបដោយឧត្តមភាព ឆ្លើយតបតម្រូវការទីផ្សារការងារជាតិនិងអន្តរជាតិ។រហូតដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យ ជាតិមានជ័យ បាននិងកំពុងបន្តរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ដោយបានផលិតធនធានមនុស្សប្រមាណជាង៣ពាន់នាក់ ចូលបម្រើការក្នុងស្ថាប័ន សាធារណៈ និងឯកជននានាក្នុងប្រទេស និងមួយចំនួនទៀតកំពុងបម្រើការងារនៅក្រៅប្រទេស ពេលបច្ចុប្បន្ន៕

