ឯកឧត្ដម នួន ផារ័ត្ន បានកោតសរសើរដល់កងរាជអាវុធហត្ថកំពង់ធំ ទាំងអស់ក្នុងការខិតខំប្រឹងប្រែង ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារសង្គមជាតិ

ភ្នំពេញ៖នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងជូនដំណើរ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ទៅបន្តហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីត្រៀមឈរផែន ដើរព្យុះហយាត្រាអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៥)។
ក្នុងឱកាសនោះ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថកំពង់ធំ ទាំងអស់ក្នុងការខិតខំប្រឹងប្រែង ហ្វឹកហាត់ ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងការ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងការពារសង្គមជាតិ។
ឯកឧត្ដម នួន ផារ័ត្ន បានបន្តទៀតថា សូមឱ្យប្អូនៗដែលសិក្ខាកាម ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាអាវុធហត្ថមានជំនាញ មានវិជ្ជាជីវៈច្បាស់លាស់ និងជាទំពាងស្នងឬស្សីដ៏ល្អ សម្រាប់បម្រើនិងការពារប្រទេសជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បាននាំយកអង្ករចំនួន ៥តោន និងថវិកាចំនួន ១៥,០០០,០០០រៀល ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំនួន ៣០០នាក់ ម្នាក់ៗទទួលបាន ថវិកា ៥០,០០០រៀល។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានធ្វើសេចក្ដីរាយការណ៍ ជូនឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្ត អំពីការហ្វឹកហាត់ដោយសង្ខេបរបស់កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកសំណេះសំណាល និងបានឧបត្ថម្ភ អង្ករ ព្រមទាំងថវិកា ដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមនៃកងរាជអាវុធហត្ថកំពង់ធំ ៕

