សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចូលរួមរំលែកទុក្ខគ្រួសារសព ព្រិន្ទបាលឯក សួន រ៉ោន ដែលពលីដោយសារការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ

ភ្នំពេញ៖ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក សំ លាងទ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការសាខា បានដឹកនាំគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបាននាំយកថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០.០០០.០០០រៀល និងគ្រឿងឧបភោគ-បរិភោគ ជូនចំពោះក្រុមគ្រួសារសពព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៨ឆ្នាំ។ សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅ ទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។
ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ លោក សំ លាងទ្រី បាននាំមកនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីស្លុតរន្ធត់ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមសារនៃសព ដែលបាត់បង់កូនជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សួន រ៉ោន បានទៅចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ការលាចាករបស់ ព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕

