ឯកអគ្គរាជទូតម៉ាឡេស៊ី ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់គាំពារពលរដ្ឋម៉ាឡេស៊ី ធុរកិច្ចជន និងភ្ញៀវទេសចរ ដែលមកកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម Shaharuddin bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការយកចិត្តទុកដាក់គាំពារពលរដ្ឋម៉ាឡេស៊ី ធុរកិច្ចជន និងភ្ញៀវទេសចរ ដែលមកកម្ពុជា។
ឯកឧត្ដមឯកអគ្គរាជទូតបានលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានស្វាគមន៍ដោយរំលឹកអំពីប្រវត្តិ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៉ី ដែលមានអាយុកាលជាង៧០ឆ្នាំមកនេះ។
ឯកឧត្ដមសន្ដិបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការបំពេញបេសកកម្មការទូតនៅកម្ពុជា របស់លោក Shaharuddin bin Onn ក្នុងរយៈពេលមួយឆ្នាំមកនេះ ដែលបន្ដរក្សាបានយ៉ាងល្អ នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ជាដើម។
ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ក៏បានលើកឡើងអំពីស្នាដៃមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ ពិសេសលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានដាក់ចេញនូវយន្ដការច្រើនសំដៅទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ហើយទទួលបានលទ្ធផលល្អជាបន្ដបន្ទាប់។ ប៉ុន្ដែអ្វីដែលជាចំណុចប្រឈមរបស់កម្ពុជាលើការងារនេះ គឺការលួចនាំចូលឆ្លងកាត់ប្រទេសកម្ពុជាចេញទៅប្រទេសទី៣ ដោយសារតែកម្ពុជា មានភូមិសាស្ដ្រនៅជិតតំបន់ត្រីកោណមាស ហើយរាជរដ្ឋាភិបាលកម្ពុជា បន្ដខិតខំប្រឹងប្រែងលើការងារនេះបន្ថែមទៀត និងស្នើសុំភាគីម៉ាឡេស៊ីបន្តកិច្ចសហប្រតិបត្តិការលើការងារនេះផងដែរ។
បន្ថែមពីលើនេះ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ក៏បានវាយតម្លៃខ្ពស់ចំពោះបទពិសោធលើវិស័យឌីជីថលរបស់ម៉ាឡេស៊ី និងសំណូមពរឲ្យមានការផ្ដាស់ប្ដូរមន្ត្រីដើម្បីដកបទពិសោធបន្ថែម។
ជាមួយគ្នានេះ ឯកឧត្ដមសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានជួយគាំទ្រគ្រប់មធ្យោបាយ និងលទ្ធភាពដល់ពលករខ្មែរដែលកំពុងបម្រើការនៅទីនោះ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក៏ធានាបានយ៉ាងគត់មុតចំពោះវិនិយោគិន ភ្ញៀវទេសចរ ធុរជន និងប្រជាជនម៉ាឡេស៊ីនៅកម្ពុជាផងដែរ។ ក្នុងន័យនេះ លោកបានរំលឹកថា កាលលោកនៅកាន់តំណែងជាអគ្គស្នងកានរគរបាលជាតិ គឺបានសហការយ៉ាងជិតស្និទ្ធជាមួយអគ្គស្នងការម៉ាឡេស៊ី លើការងារពង្រឹងសន្តិសុខនេះ។
ជាការឆ្លើយតប ឯកឧត្ដម Shaharuddin bin Onn បានសម្ដែងនូវក្ដីរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងការផ្ដល់ឱកាសរបស់លោកសន្ដិបណ្ឌិត នេត សាវឿន ដែលអនុញ្ញាតឲ្យលោកចូលជួបសម្ដែងការគួរសម និងបានឯកភាពទាំងស្រុង ចំពោះការលើកឡើងរបស់នាយករដ្ឋមន្ត្រីស្ដីទី ព្រមទាំងកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងក្របខ័ណ្ឌធុរកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការទូត និងសន្ដិសុខជាដើម។
ឯកឧត្ដមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជួយយកចិត្តទុកដាក់គាំពារពលរដ្ឋម៉ាឡេស៊ី ធុរកិច្ចជន និងភ្ញៀវទេសចរ ដែលមកប្រទេសកម្ពុជា។
ឯកឧត្ដមក៏ស្ញប់ស្ញែងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កបរិយាកាសអំណោយផលលើវិស័យធុរកិច្ច ដោយបានផ្ដល់ឱកាស និងអត្ថប្រយោជន៍ជាច្រើនដល់ធុរជន ដែលកំពុងស្វែងរកឱកាសវិនិយោគ និងបន្ដការវិនិយោគនៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្ដមឯកអគ្គរាជទូតនឹងចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគម ធនាគារ ធនារ៉ាប់រង និងពង្រីកវិស័យជាច្រើនទៀតនៅពេលអនាគត។
ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា ឯកឧត្ដម Shaharuddin bin Onn បានកោតសរសើរចំពោះប្រទេសកម្ពុជា គឺមានភាពរឹងមាំ ទាំងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងយន្តការរបស់អាស៊ាន។
ឯកឧត្ដមឯកអគ្គរាជទូតក៏បានបញ្ជាក់ជំហរក្នុងការជួយគាំទ្រដល់កម្ពុជា លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយម៉ាឡេស៊ី រង់ចាំសហការ និងផ្ដល់ការគាំទ្រតាមលទ្ធភាពរបស់ខ្លួន ចំពោះអ្វីដែលជាតម្រូវការរបស់កម្ពុជា ដោយយល់ឃើញថា គ្រឿងញៀន គឺពិតជាបញ្ហាលំបាកមួយដែលត្រូវរួមគ្នាដោះស្រាយ។
បន្ថែមពីលើនេះ ឯកឧត្ដមឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរថា ម៉ាឡេស៊ីឯកភាពការជួយកម្ពុជា ក្នុងការងារបរិវត្តកម្មឌីជីថលដែលជាការងារសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីការផ្ដល់ឱកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសាសនិកឥស្លាមនៅកម្ពុជា ថ្វីត្បិតថា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺរក្សាបាននូវសុខដុមនីយកម្មជាតិសាសនា ដែលប្រជាជនរស់នៅក្រោមម្លប់សុខសន្តិភាព។ នៅកម្ពុជា ក៏មានសាសនិកឥស្លាមជាច្រើន បម្រើការក្នុងជួររដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ផងដែរ។
ឯកឧត្ដមឯកអគ្គរាជទូតម៉ាឡេស៊ី បានប្ដេជ្ញាចិត្តក្នុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទាំងក្នុងទិដ្ឋភាពនយោបាយ ធុរកិច្ច និងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ បើប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មានគម្រោង ឬសំណើណាមួយ លោកនឹងត្រៀមលក្ខណៈសម្របសម្រួលជានិច្ច។
ចុងបញ្ចប់ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ក៏បានអះអាងអំពីការបន្ដកិច្ចសហប្រតិបត្តិល្អ ជាពិសេសលើវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សម្ដៅតម្កល់ផលប្រយោជន៍ខ្ពស់សម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៉ី៕

