អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យមើលលូប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ត្រីជំនាញរដ្ឋបាលរាជធានី និងមន្ត្រីជំនាញ នៃមន្ទីរជំនាញ ចុះពិនិត្យមើលលូប្រឡាយក្នុងមូលដ្ឋានខណ្ឌចំនួន៥ ដូចជាមានខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ ខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ ក្នុងជាយរាជធានីភ្នំពេញ ដើម្បីរកមធ្យោយក្នុងការបញ្ជៀសការជនលិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
ឯកឧត្ដម ឃួង ស្រេង បានចុះពិនិត្យមើលប្រឡាយអបផ្លូវរទេះភ្លើងផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅទី៣ ពិនិត្យមើលប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ប្រឡាយទួលពង្រ និងពិនិត្យមើលការជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្ត ខណ្ឌដង្កោ និងខណ្ឌមានជ័យ។
នាពេលនោះដែរ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងការចុះពិនិត្យមើលលូ ប្រឡាយខាងលើនេះ ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាយប្រឡាយអូលែ ក្នុងវិទ្យាល័យជម្ពូវ័ន ខណ្ឌពោធីសែនជ័យ ជាមួយនិងការដាក់លូប្រអប់ទំហំ៦ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវជាតិលេខ៣ ឱ្យបន្តហូរទៅប្រឡាយទួលពង្រ ដើម្បីពន្លឿនទឹកឱ្យហូបានលឿនពីផ្លូវជាតិលេខ៤ និងទី២ រកវិធីរំដោះទឹកពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅប្រឡាយទួលពង្រដែរ។
បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជីកស្តារប្រឡាយភូមិម័ល នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ និងខណ្ឌមានជ័យ ដែលស្ថិតក្នុងគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹករបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយជីកឱ្យបានជ្រៅពី៥ទៅ៦ម៉ែត្រ ក្នុងប្រវែងប្រឡាយជិត៣គីឡូម៉ែត្រនេះ៕

