ទីម័រខាងកើត នឹងចូលជាសមាជិកអាស៊ាននៅខែតុលា

គូឡាឡាំពួ៖ លោក ម៉ូហាម៉ាត់ ហាសាន់ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យទី២៥ ខែឧសភាថា ទីម័រខាងកើតខិតកាន់តែកៀកក្នុងការបំពេញនូវបំណងប្រាថ្នាដ៏យូរអង្វែងរបស់ខ្លួនក្នុងការចូលរួមក្នុងប្លុកតំបន់អាស៊ីអាគ្នេយ៍ ហើយអាចក្លាយជារដ្ឋសមាជិកទី១១ របស់ប្លុកនេះនៅខែតុលា។
លោក ម៉ូហាម៉ាត់ បាននិយាយនៅមុនកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅរាជធានីគូឡាឡាំពួថា ទីម័រខាងកើតបានបោះជំហានយ៉ាងសំខាន់ក្នុងការដាក់យុទ្ធសាស្ត្រសម្រាប់សមាជិកភាពរបស់ខ្លួន។
ទីម័រខាងកើត គឺជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក ហើយការព្រួយបារម្ភមួយចំនួននៅតែមានជុំវិញថាតើប្រទេសដ៏តូចនេះអាចចូលរួមប្រកបដោយអត្ថន័យនៅក្នុងរបៀបវារៈនៃការអភិវឌ្ឍរបស់អាស៊ានដែរឬទេ។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសរបស់ប្លុកនេះបានសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះសមាជិកភាពពេញលេញរបស់ទីម័រខាងកើតនៅក្នុងអាស៊ាន ជាពិសេសនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបំពេញលក្ខខណ្ឌដែលនៅសេសសល់។
អ្នកការទូតកំពូលរបស់ម៉ាឡេស៊ីមិនបានផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាដែលនៅតែលេចឡើងនៅឡើយទេ ប៉ុន្តែសមាជិកភាពពេញលេញអាចត្រូវបានផ្តល់ឱ្យនៅក្នុងកិច្ចប្រជុំថ្នាក់តំបន់បន្ទាប់របស់អាស៊ានក្នុងខែតុលា ដែលដឹកនាំដោយម៉ាឡេស៊ីក្នុងឆ្នាំនេះ។
ប្រមុខការទូតម៉ាឡេស៊ីរូបនេះដដែលបន្ថែមថា ប្រទេសជាសមាជិកអាស៊ានឥឡូវនេះនឹងចាប់ផ្តើមអនុវត្តនីតិវិធីច្បាប់ក្នុងស្រុករៀងៗខ្លួនក្នុងគោលបំណងដើម្បីបញ្ចប់ដំណើរការចូលជាសមាជិករបស់ទីម័រខាងកើតក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅក្នុងខែតុលា។
គួរជម្រាបជូនថា ទីម័រខាងកើត គឺជាប្រទេសចុងក្រោយគេនៅអាស៊ីអាគ្នេយ៍ ដែលបានទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ២០០២ បន្ទាប់ពីការកាន់កាប់អស់រយៈពេល២៤ ឆ្នាំ។
ប្រធានាធិបតីទីម័រខាងកើត លោក ចូសេ រ៉ាម៉ូស-ហ័រតា បានធ្វើយុទ្ធនាការជាយូរមកហើយសម្រាប់សមាជិកភាពអាស៊ាន ហើយពាក្យសុំចូលជាសមាជិកអាស៊ានត្រូវបានដាក់ជូនជាលើកដំបូងក្នុងឆ្នាំ២០១១។
ទីម័រខាងកើតត្រូវបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ស្ថាប័នប្រចាំតំបន់ក្នុងឆ្នាំ២០២២ ប៉ុន្តែសមាជិកភាពពេញលេញរបស់ខ្លួនត្រូវបានពន្យារពេលដោយសារបញ្ហាប្រឈមផ្សេងៗ។
ទីម័រខាងកើតកំពុងប្រឈមមុខនឹងកម្រិតវិសមភាព កង្វះអាហារូបត្ថម្ភ និងភាពគ្មានការងារធ្វើខ្ពស់ ហើយនៅតែពឹងផ្អែកខ្លាំងលើប្រេង ដោយមានការធ្វើពិពិធកម្មតិចតួចទៅក្នុងវិស័យផ្សេងទៀត។
ប្រទេសនេះក៏ប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពធនធានមនុស្ស ដែលមើលឃើញថាមានសារសំខាន់សម្រាប់ការចូលរួមប្រកបដោយប្រសិទ្ធភាពនៅក្នុងសហគមន៍សេដ្ឋកិច្ចរបស់អាស៊ាន៕
