សម្តេចធិបតី៖ កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្វីត្បិតផ្គួចផ្ដើមបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ប៉ុន្ដែមានរោងចក្រប្រទេសអាមេរិក និងបារាំង ជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។
ក្នុងឳកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនទី២០០ ដែលចូលមកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសំណេះសំណាលជាមួយកម្មករ និយោជិតជាង ៣ម៉ឺននាក់ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរចំពោះសមិទ្ធផល ដែលបានពង្រីកដល់២០០ក្រុមហ៊ុន មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា រោងចក្រ សហគ្រាសនៅកម្ពុជាបច្ចុប្បន្នបានកើនដល់ជាងបួនម៉ឺនរោងចក្រ សហគ្រាស ដោយមានកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាសទាំងនោះមានជិតពីរលាននាក់ និងទទួលបានប្រាក់ឈ្នួលជាងប្រាំពាន់លានដុល្លារក្នុងមួយឆ្នាំ៕

