ប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើន

បរទេស៖ ភ្លៀងធ្លាក់ខ្លាំងដូចគេហែកមេឃ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីបង្កជាគ្រោះទឹកជំនន់ភ្លាមៗ ដោយបានហូរច្រោះបណ្ដាលឱ្យលិចលង់នៅតាមបណ្តាទីក្រុងជាច្រើននៅថ្ងៃពុធទី២១ឧសភានេះ ខណៈមនុស្សម្នារនាំគ្នារត់ឡើងលើដំបូលផ្ទះស្វែងរកទីទួលសុវត្ថិភាព ទន្ទឹមនឹងអាជ្ញាធរចេញបញ្ជាជម្លៀសភ្លាមៗ។
ទីប្រជុំជនបទនៅតំបន់ ហាន់ធើ Hunter និងតំបន់ មីឌណត ខូសត៍ Mid North Coast នៃរដ្ឋញូវសៅវែល ជារដ្ឋមានប្រជាជនច្រើនជាងគេរបស់ប្រទេសអូស្ត្រាលី បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតដោយសារភ្លៀងធ្លាក់ខ្លាំង។ ជុំវិញមហន្តរាយនេះ រដ្ឋមន្ត្រីសេវាសង្គ្រោះបន្ទាន់នៃរដ្ឋញូវសៅវែល លោក ជីហាដ ឌីប (Jihad Dib) បានប្រាប់អ្នកយកព័ត៌មានថា៖«យើងទទួលរងបរិមាណទឹកភ្លៀងដ៏ច្រើនសម្បើម។ ភ្លៀងពិតជាបានធ្លាក់ខ្លាំង ហើយវាមិនបានហូរទៅណាទេ ដោយសារតែដីឆ្អែតទឹក និងដោយសារទឹកទន្លេហក់ឡើងពេញប្រៀប»។
រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញឱ្យឃើញថា អ្នកស្រុកមួយចំនួនកំពុងអង្គុយត្រម៉ង់ត្រមោចលាយឡំជាមួយទឹកមុខក្រៀមក្រំ នៅខាងក្នុងផ្ទះរង់ចាំក្រុមសង្គ្រោះ ខណៈអ្នកស្រុកជាច្រើននាក់ទៀតបានជាប់នៅលើដំបូលផ្ទះ ស្របពេលក្រុមសង្គ្រោះបន្ទាន់កំពុងដុតដៃជើង ចូលទៅកាន់តំបន់រងគ្រោះទាំងនោះដោយទូក ឬតាមផ្លូវអាកាស៕
