អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់ និងម្នាក់ទៀតមកពីហ្វីលីពីន បានក្លាយជាអ្នកឡើងភ្នំដំបូងគេដែលបានស្លាប់នៅលើភ្នំអេវឺរ៉េស

កដ្ឋមណ្ឌូ៖ អ្នកឡើងភ្នំជនជាតិឥណ្ឌាម្នាក់ និងម្នាក់ទៀតមកពីហ្វីលីពីន បានក្លាយជាអ្នកឡើងភ្នំដំបូងគេដែលបានស្លាប់នៅលើភ្នំអេវឺរ៉េសក្នុងរដូវឡើងភ្នំ ពីខែមីនាដល់ខែឧសភា។
លោក ស៊ូប្រាតា ហ្គូស អាយុ៤៥ឆ្នាំ មកពីប្រទេសឥណ្ឌាបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ទី១៥ឧសភានៅក្រោមចំណុច Hillary Step ខណៈធ្វើដំណើរត្រឡប់ចុះពីកំពូលភ្នំកម្ពស់៨៨៤៩ម៉ែត្រ។ មិនមានព័ត៌មានលម្អិតបញ្ជាក់ពីការស្លាប់របស់អ្នកឡើងភ្នំរូបនេះទេ ហើយមូលហេតុ នៃ ការ ស្លាប់ របស់ គាត់ នឹង ត្រូវ បានបញ្ជាក់ក្រោយ ពេល ធ្វើ កោសល្យ វិ ច្ច័ យ។ Hillary Step ស្ថិតនៅក្នុងតំបន់មរណៈ ជាតំបន់ចន្លោះពី៨០០០ម៉ែត្រទៅដល់កំពូល ដែលមានកម្រិតអុកស៊ីសែនទាប។
ទន្ទឹមនឹងនេះដែរ លោក ហ្វីលីព សាន់ទីអាហ្គោ (Philipp II Santiago) អាយុ៤៥ឆ្នាំ មកពីប្រទេសហ្វីលីពីន ក៏បានស្លាប់កាលពីល្ងាចថ្ងៃពុធនៅឯចំណុច South Col ពេលកំពុងធ្វើដំណើរឡើងកំពូលភ្នំ។ អ្នកទាំងពីរ គឺជាសមាជិកនៃបេសកកម្មអន្តរជាតិរៀបចំដោយក្រុមហ៊ុនរៀបចំកម្មវិធីឡើងភ្នំ។
នេប៉ាល់បានចេញលិខិតអនុញ្ញាតចំនួន៤៥៩ ដើម្បីឡើងភ្នំអេវឺរេសក្នុងរដូវកាលបច្ចុប្បន្នដោយបញ្ចប់នៅខែឧសភា។ ការឡើងភ្នំ និងទេសចរណ៍ គឺជាប្រភពចំណូល និងការងារសម្រាប់ប្រទេសនេប៉ាល់ ដែលជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក។ យ៉ាងហោចណាស់មនុស្ស៣៤៥នាក់ បានស្លាប់នៅលើភ្នំអេវឺរ៉េសក្នុងរយៈពេលជាង១០០ឆ្នាំ ចាប់តាំងពីបេសកកម្មឡើងកំពូលភ្នំបានចាប់ផ្តើម នេះបើយោងតាមមូលដ្ឋានទិន្នន័យហិម៉ាឡៃ និងមន្ត្រីឡើងភ្នំ៕
