រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយសារពន្ធគយរបស់សហរដ្ឋអាម៉េរិក

បាងកក៖ កាលពីថ្ងៃព្រហស្បតិ៍ទី១៥ឧសភា លោក ពិជ័យ ឈុនវឈិរៈ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ បានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំខាងមុខ ដោយសារពន្ធគយរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែធនាគាររដ្ឋនឹងផ្តល់ការគាំទ្រដល់អ្នកនាំចេញ និងអាជីវកម្មខ្សែច្រវាក់ផ្គត់ផ្គង់ដែលរងផលប៉ះពាល់។
លោក ពិជ័យ បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយធនាគាររដ្ឋថា៖«ក្នុងរយៈពេលពីរឆ្នាំខាងមុខ យើងអាចជួបប្រទះបញ្ហាមួយចំនួន ហើយអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេនោះ ទំនងជាស្ថិតក្នុងវិស័យនាំចេញ»។ យ៉ាងណា លោក ពិជ័យ លើកឡើងថា ប្រទេសថៃ មិន ត្រូវ បាន គេ រំពឹង ថា នឹង រងផល ប៉ះពាល់ ពន្ធ ខ្លាំង ជាង ប្រទេស ដទៃ នោះ ទេ។
ប្រទេសក្បែរខាងកម្ពុជាមួយនេះ ប្រឈមមុខនឹងពន្ធគយបដិការ៣៦ភាគរយរបស់សហរដ្ឋអាម៉េរិក ប្រសិនបើមិនអាចចរចាលើការកាត់បន្ថយពន្ធជាមួយរដ្ឋធានីវ៉ាស៊ីនតោនមុនខែកក្កដា។ ថៃ បាន បញ្ជូន សំណើ ពាណិជ្ជកម្ម មួយ ទៅ សហរដ្ឋអាម៉េរិក ជា ផ្នែក មួយ នៃ កិច្ច ខិតខំ ប្រឹងប្រែង របស់ ខ្លួន ដើម្បី ចៀសវាង ការ យក ពន្ធ ខ្ពស់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ពិជ័យ បាននិយាយថា រាជរដ្ឋាភិបាលគ្រោងផ្តល់ប្រាក់កម្ចីតម្លៃ១០០ពាន់លានបាត ឬត្រូវនឹងប្រមាណ៣ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មខ្សែច្រវាក់ផ្គត់ផ្គង់ដែលរងផលប៉ះពាល់ និងអ្នកនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ក៏ដូចជាអ្នករងផលប៉ះពាល់ដោយការកើនឡើងនៃការនាំចូលពីប្រទេសចិន។ លើសពីនេះ ធនាគារគ្រប់គ្រងដោយរដ្ឋ ក៏នឹងរៀបចំវិធានការជំរុញវិស័យកសិកម្ម និងអចលនទ្រព្យ ក៏ដូចជាផ្ដល់ជូននូវការកាត់បន្ថយអត្រាការប្រាក់សម្រាប់អ្នកដែលរងផលប៉ះពាល់ផងដែរ៕
