សម្ដេចតេជោ៖ ចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និងអភិវឌ្ឍបន្ថែមគឺការកែច្នៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះសម្ដេចតេជោ បានបង្ហាញនូវក្ដីរីករាយ និងស្វាគមន៍ចំពោះលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន និងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ។
សម្ដេចក៏អរគុណដែរចំពោះប្រតិភូជប៉ុន ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានៅក្នុងវិស័យកសិកម្ម។
សម្ដេចរំពឹងថា តាមរយៈដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជានាពេលនេះនឹងជា ផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងស្វែងរកឱកាសវិនិយោគក្នុង ប្រទេសកម្ពុជាដើម្បីទាញយកនូវផលប្រយោជន៍តាមរយៈការវិនិយោគ ក្នុង វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាឱ្យអស់ ពីសក្ដានុពល។
នៅក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន បាន សម្ដែងនូវការ អរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និង ប្រតិភូ ជួបសម្ដែងការគួរសមក្នុងពេលនេះ ហើយលោកបានចាប់អារម្មណ៍ទៅលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ លោកបានរំលេចអំពីសក្ដានុពលកសិកម្មនៅ ក្នុងប្រទេសជប៉ុន ដែលកម្ពុជាអាចធ្វើកិច្ច សហប្រតិបត្តិការនិងអាចរៀនសូត្របាន។
លោកបានលើកឡើងថា ជប៉ុនបានធ្វើកសិកម្មតាមបែបឆ្លាតវៃ ពោលគឺការធ្វើកសិកម្មពឹងផ្អែកទៅលើបច្ចេកវិទ្យា។ ចំណុចនេះ លោកសង្ឃឹមថា តាមរយៈក្រុមហ៊ុនលោកនឹងអាចជួយសម្របសម្រួលក្នុងការបណ្ដុះ ធនធានមនុស្សកម្ពុជាបន្ថែមទៀតពីវិស័យ កសិកម្មឆ្លាតវៃរបស់ជប៉ុនមកដល់កម្ពុជា។
លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនាពេលខាងមុខ នឹងអាចមានដំណើរ ទស្សនកិច្ចពីមន្រ្ដីកម្ពុជាទៅកាន់ប្រទេស ជប៉ុនដើម្បីស្វែងយល់អំពីទិដ្ឋភាពនៃវិស័យ កសិកម្មនៅក្នុងប្រទេសជប៉ុនហើយយកមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេបានស្នើសុំ ការចង្អុលបង្ហាញពីសម្ដេចតេជោ អំពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
ជាការឆ្លើយតបសម្ដេចតជោ បានរំលេចឡើងថា កម្ពុជាចាប់ពីឆ្នាំ ១៩៧៩ រហូតមក ដល់បច្ចុប្បន្នដោយសម្ដេចបានលើកឡើងថា កម្ពុជាកាលពីអតីតកាលវិស័យកសិកម្ម មានភាពអន់ថយហើយពីមុនកម្ពុជាខ្វះស្បៀងផលិតត្រឹមសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ ប៉ុន្ដែក្រោយពីមានការធ្វើកំណែទម្រង់ជាបន្តបន្ទាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដីកម្ពុជាបានប្រែខ្លួនពី ប្រទេសដែលខ្វះស្បៀងផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងប្រទេសក្លាយជាប្រទេសដែលមានស្បៀងបបូរ និងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។
ទន្ទឹមនឹងនេះ សម្ដេចតជោបានលើកឡើងថានូវចំណុចខ្វះខាតដែលកម្ពុជាត្រូវតែបំពេញ និងអភិវឌ្ឍបន្ថែមគឺការកែច្នៃដោយបច្ចុប្បន្នដោយសារតែកំណើននៃការផលិតនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងច្រើនកម្ពុជាបាននាំចេញផលិតផលកសិកម្មដែលជាវត្ថុធាតុដើមទៅលក់នៅ ក្រៅប្រទេសដែលធ្វើឱ្យកម្ពុជាខាតបង់នូវផលប្រយោជន៍។
សម្ដេចតេជោរំលេចថា បើក្រុមហ៊ុនជប៉ុន ចាប់ អារម្មណ៍នៅក្នុងការវិនិយោគបន្ថែម កសិឧស្សាហកម្ម ពោលគឺការកែច្នៃវត្ថុធាតុដើមនៅក្នុងប្រទេសកម្ពុជាសម្រាប់នាំចេញនោះគឺជាចំណុចខ្លាំងមួយដែលអាចអនុញ្ញាតឱ្យកម្ពុជាពង្រីកខ្លួននៅក្នុងការនាំចេញផលិតផលនិងទាញយកផល ចំណេញបានច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
សម្ដេចលើកឧទាហរណ៍ដូចជាដំណាំស្រូវ និងស្វាយចន្ទី ដែលជាដំណាំសក្ដានុពលរបស់កម្ពុជា ប៉ុន្ដែកម្ពុជាបាននាំវត្ថុធាតុដើម ចេញទៅលក់នៅក្រៅប្រទេសដោយកង្វះខាតនូវការ វិនិយោគលើការកែច្នៃនៅក្នុងប្រទេសដើម្បីនាំចេញដោយខ្លួនឯង ។ ដូច្នេះសម្ដេចចង់ឱ្យអ្នកវិនិយោគជប៉ុនចាប់ អារម្មណ៍លើវិស័យកសិឧស្សាហកម្មនៅ កម្ពុជាឱ្យមានការកើនឡើង។
សម្ដេចតេជោសង្ឃឹមថា សម្រាប់ការងារបច្ចេកទេសបន្ថែម ភាគីជប៉ុន និងរាជ រដ្ឋាភិបាលជាពិសេសខាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាស្ថាប័ន ជំនាញនៅក្នុងវិស័យនេះដើម្បីធ្វើកិច្ចសហការជាមួយគ្នា។
ក្នុងឱកាសនោះ លោក អាគីរ៉ា ដូដាតេ នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុនបានបង្ហាញនូវការចាប់អារម្មណ៍ពីការលើកឡើងរបស់សម្ដេចតេជោចំពោះការវិ និយោគលើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា។
លោកលើកឡើងថា តាមរយៈដំណើរមកកាន់ប្រទេសកម្ពុជា ភាគីក្រុមហ៊ុនរបស់ លោក នឹងសិក្សាបន្ថែមហើយជជែកជាមួយ រាជរដ្ឋាភិបាលថា តើក្រុមហ៊ុនរបស់លោក អាច នឹង វិនិយោគទៅលើវិស័យអ្វីផលិតកម្មអ្វីសំខាន់សម្រាប់វិស័យកសិកម្មនេះ។លោកក៏បានសន្យាជួយជំរុញវិនិយោគិនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតជាពិសេសនៅក្នុងវិស័យកសិកម្មនេះឱ្យបានច្រើន៕

