គណៈប្រតិភូរដ្ឋសភាឡាវ អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅកម្ពុជា រយៈពេល៦ថ្ងៃ

ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ គណ:ប្រតិភូរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ វង្សស័ក ផាន់ថាវង្ស (Vongsack PHAN -THAVONG) ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ និងជាប្រធានក្រុមមិត្តភាពសភាឡាវ-កម្ពុជា បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៦-១១ ខែឧសភា ឆ្នាំ២០២៥។
អញ្ជើញជូនដំណើរគណៈប្រតិភូរដ្ឋសភាឡាវនាឱកាសនោះ រួមមាន ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា។
សូមជម្រាបថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា គណៈប្រតិភូរដ្ឋសភាឡាវ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងបានអញ្ជើញទៅទស្សនកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ស្ពានតេជាមរកត (ហៅស្ពានកោះពស់) និងThe Bay of Lights ផងដែរ ៕

