អ.ដ.ក. សម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យ ចំនួនពីរករណី

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក.) រួមមាន៖ លោក ហួន សុខនីម, លោកស្រី ជូ វិនាថ និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនទ្រព្យ ចំនួន ២ ករណី រវាងអតិថិជន និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ។
ករណីវិវាទនេះ ត្រូវបានភាគីទាំងសងខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមីនា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕

