ទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណដល់អង្គការ HALO Trust ដែលបានចូលរួមចំណែកក្នុងកិច្ចការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធាន ទី១ អាជ្ញាធរមីន និងឯកឧត្ដម Charles Hay ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអង់គ្លេស បាន ឈ្វេងយល់អំពីសកម្មភាព និងសមិទ្ធផលសម្រេចបានរបស់អង្គការ HALO Trust ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាជាពិសេសការអនុវត្តគម្រោង FCDO ក្រោមជំនួយរបស់ចក្រភពអង់គ្លេស។
កម្មវិធីព្រឹកនេះប្រព្រឹត្តិទៅនៅទីស្នាក់ការ អង្គការ HALO Trust ខេត្តសៀមរាបនិងមាន អញ្ជើញចួលរួមផងដែរពីឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជានិង ឯកឧត្ដមឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក។
ក្នុងឱកាសនោះតាងនាមឱ្យរាជរដ្ឋាភិបាល កម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បាន ថ្លែងអំណរគុណដល់អង្គការ HALO Trust ដែលបានចូលរួមចំណែកក្នុងកិច្ចកាសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ ព្រមទាំងសម្រេចបាននូវសមិទ្ធផល យ៉ាងធំធេងជូនប្រជាជនកម្ពុជាតាមរយៈ ការ ផ្តល់ដីសុវត្ថិភាពកាត់បន្ថយគ្រោះថ្នាក់ និង លេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕

