ឯកឧត្តម ជា ធីរិទ្ធ៖ ប្រធានាធិបតីទីម័រឡេស្តេផ្តល់គ្រឿង ឥស្សរិយសកម្រិតខ្ពស់បំផុត ជូនដល់សម្តេចតេជោគឺជាការផ្តល់តម្លៃ និងស្ងប់ស្ងែងចំពោះសម្តេចតេជោ ដែលបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនដល់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា ការដែលប្រធានាធិបតីទីម័រឡេស្តេផ្តល់គ្រឿង ឥស្សរិយស GRAND COLLAR OF THE ORDER OF TIMOR-LESTE ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត ជូនដល់សម្តេចតេជោនោះគឺជាការផ្តល់តម្លៃ និងស្ងប់ស្ងែងចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ជីវិតដើម្បីស្វែងរកសុខសន្តិភាពជូនដល់ប្រទេសកម្ពុជាពុំមែនជាការតបស្នងសងគុណសម្តេចដែលបានគាំទ្រ និងជំរុញឲ្យទីម័រចូលជាសមាជិកសង្កេតការណ៍របស់អាស៊ាននោះឡើយ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ។
ឯកឧត្តម ជា ធីរិទ្ធ លើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងទីម័រឡេស្តេ គឺស្របទៅតាមការលើកកម្ពស់របស់សម្តេចលើ ផ្នែកការទូតព្រឹទ្ធសភា ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានប្រមុខរដ្ឋនៃប្រទេសទាំងពីរទទួលបដិសណ្ឋារកិច្ច យ៉ាងល្អបំផុតនោះ៕