ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំដល់ប្រធានមន្ទីរសាធារណការខេត្តកែប ដែលទើបតែងតាំងថ្មី ត្រូវបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្ម ជាមួយពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងអាជ្ញាធរជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ជាច្រើនរូបទៀត។
លោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សេចក្ដីទុកចិត្តធ្វើការសម្រួលភារកិច្ចផ្ទេរទៅកាន់មន្ទីរខេត្តកែប។ ការសម្រេចសម្រួលភារកិច្ច ប្រធានមន្ទីរនាពេលនេះ ត្រូវបានធ្វើឡើងដើម្បីជំរុញឱ្យមាន ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារលើវិស័យសាធារណការ និងដឹកជញ្ជូននៅថ្នាក់ក្រោមជាតិទាំងទៅលើការងារគ្រប់គ្រងទូទៅ សាងសង់គ្រប់គ្រងបច្ចេកទេស និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះលោក ស៊ូ ស៊ុន្ទរ៉ា អតីតប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ ដែលត្រូវបានប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត មើលឃើញពីគុណវុឌ្ឍ និងភាពប៉ិនប្រសប់ការងារ ទើបសម្រេចតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបនាពេលនេះ និងសូមឱ្យលោកប្រធានមន្ទីរថ្មីបន្តប្រកាន់ខ្ជាប់នូវកិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យ និងទិសដៅការងាររបស់ក្រសួង ក៏ដូចជាខេត្តផ្ទាល់ ដែលបានដាក់ចេញឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់ ៕

