សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម នៅថ្ងៃទី២៩-៣០ មេសា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរំសាទរខួប អនុស្សាវរីយ៍លើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិរបស់វៀតណាម ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
សមាសភាពគណៈប្រតិភូអមដំណើរ សម្ដេចតេជោ ក្នុងទស្សនកិច្ចនេះ រួមមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើ សម្ដេចតេជោ នឹងមានជំនួបពិភាក្សាការងារដាច់ដោយ ឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំវៀតណាម រួមមាន ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តម ជិន ញ់មិន ប្រធានរដ្ឋសភាវៀតណាម និងឯកឧត្តម មិញជិញ នាយករដ្ឋមន្ត្រី វៀតណាម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ក៏គ្រោងនឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេសដែល អញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ។
ទស្សនកិច្ចរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានព្រឹទ្ធសភា និងជា ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមអបអរខួបលើកទី៥០ នៃទិវារំដោះភាគខាងត្បូង និងការ បង្រួបបង្រួមជាតិរបស់វៀតណាមនាពេលនេះ សបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរឹតចំណង និងលើកកម្ពស់ មិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្រប តាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរ អង្វែង»៕

