លោកជំទាវ ឡោក ខេង ត្រូវបានជាប់ឆ្នោតជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD)

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ មហាសន្និបាតសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍបានបោះឆ្នោតដោយជោគជ័យជ្រើសរើសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនសម្រាប់អាណត្តិ៥ឆ្នាំបន្តទៀត ដោយសម្រេចបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍បន្ថែមមួយទៀត ផ្តោតលើការប្រែប្រួលអាសធាតុ។ ដូច្នេះ វេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍមានសសរស្តម្ភចំនួន៤ គឺ៖ (១). សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចដល់ស្រ្តី, (២). វិនិយោគលើយុវជន, (៣). មនុស្សចាស់សកម្ម និង(៤). ការប្រែប្រួលអាកាសធាតុ។
អង្គមហាសន្និបាតលើកទី១៥ ក៏បានសម្រេចបោះឆ្នោតជូនលោកជំទាវ ឡោក ខេង ជាអនុប្រធានវេទិកាសមាជិកសភាអាស៊ីដើម្បីប្រជាជន និងការអភិវឌ្ឍ (AFPPD) តំណាងឱ្យប្រទេសក្នុងតំបន់អាស៊ាន និងបានបោះឆ្នោតឱ្យសមាជិកសភាប្រទេសញូវហ្សឺឡេនជាអនុប្រធាន AFPPD តំណាងឱ្យប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក និងបានបោះឆ្នោតឱ្យសមាជិកសភាម៉ាឡេស៊ីក្លាយជាអគ្គលេខាធិការរបស់ AFPPD ផងដែរ។ ចំណែកឯលទ្ធផលនៃការបោះឆ្នោតជ្រើសរើសទីតាំងលេខាធិការដ្ឋាន AFPPD កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិបានបោះឆ្នោតជ្រើសរើស សភាប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះក្នុងការដាក់ទីតាំងនេះ។
គួរបញ្ជាក់ផងដែរថា AFPPD ជាវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកដែលជាដៃគូយ៉ាងជិតស្និតជាមួយ មូលនិធិសហប្រជាតិស្តីពីប្រជាជន (UNFPA) មានសមាជិកប្រមាណ ៣៣ប្រទេស។ កម្ពុជាបានចូលជាសមាជិក AFPPD នៅក្នុងឆ្នាំ២០០០ ដើម្បីជំរុញសកម្មភាពសភាក្នុងការឈានទៅសម្រេចបានគោលដៅនៃសន្និសីទអន្តជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ (ICPD) ៕

