កេសរកូលព្រះទ្រហឹង ជាប្រភេទកេសរកូលធំជាងគេលើសកលលោក កំពុងតែរីកជាលើកទី៣នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ភ្នំពេញ៖ កេសរកូលព្រះទ្រហឹង មានឈ្មោះវិទ្យាសាស្ត្រថា Grammatophyllum speciosum និងឈ្មោះជាភាសាអង់គ្លេសថា Giant Orchid, Tiger Orchid, The Sugar Cane Orchid គឺ ជាកេសរកូលធំជាងគេលើសកលលោក ហើយវាជាប្រភេទកេសរកូលព្រៃដ៏កម្រមួយរបស់ខ្មែរ ដែលយើងធ្លាប់បានជួបប្រទះមានដុះនៅតំបន់ជួរភ្នំក្រវាញនៃខេត្តកោះកុង និងតំបន់ជួរភ្នំដងរែក នៃខេត្តព្រះវិហារ និងខេត្តសៀមរាប។ នេះបើយោងតាមសំណេរលើហ្វេសប៊ុកក្រសួងបរិស្ថាន។
គេហៅកំណត់ថាវាធំជាងគេលើសកលលោក ព្រោះតាមការកត់ត្រា កេសរកូលប្រភេទនេះ អាចមានទំងន់រហូតដល់ទៅ២តោន ក្នុងមួយគុម្ព ហើយអាចមានកំពស់ចាប់ពី០,៥ ម៉ែត្រទៅ៣ម៉ែត្រ និងមានទងផ្កាអាចមានប្រវែង២ម៉ែត្រ និងចំនួនផ្ការហូតដល់ទៅ៧០០០ ផ្កាក្នុង១គុម្ព ដោយក្នុងមួយទងផ្កាអាចមានផ្កាចំនួនចាប់ពី៨០ ទៅ១០០ផ្កា។ កេសរកូលប្រភេទនេះកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ទៅ៣ខែ។
កេសរកូលព្រះទ្រហឹងត្រូវបានយកមកដំានៅក្នុងសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន នាខែតុលា ឆ្នាំ២០១៨ ហើយបានចេញផ្កាលើកទី១នៅខែមេសា និងឧសភា ឆ្នាំ២០២១ ដែលមានចំនួន១ទងផ្កា លើកទី២នៅខែមេសា ឆ្នាំ២០២៤ចំនួន១ទងផ្កា និងបច្ចុប្បន្ន គឺក្នុងខែមេសា ឆ្នាំ២០២៥ នេះ កេសរកូលព្រះទ្រហឹង បាននិងកំពុងចេញផ្កាជាលើកទី៣ដែលមានចំនួនរហូតដល់ទៅ៥ទងផ្កា។ នេះបានបញ្ជាក់ថាសួនកេសរកូលព្រៃនៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលែន បានបង្កើតជាមជ្ឈដ្ឋានសមស្របសម្រាប់ការរស់នៅរបស់កេសរកូលព្រៃប្រភេទនេះ៕

