ឯកឧត្តម វង សូត អញ្ជើញទស្សនកិច្ចវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទស្សនកិច្ចសិក្សាទៅកាន់ស្ថានីយ ពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅក្នុង ឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានចាប់បដិសន្ធិឡើង នៅឆ្នាំ១៩៥៥ ប៉ុន្តែបានផ្អាកសកម្មភាពនៅឆ្នាំ១៩៧០ ដោយសារសង្គ្រាម។ រហូតដល់ឆ្នាំ១៩៧៣ ទើបវិទ្យាស្ថានចាប់ផ្តើមការងារស្រាវជ្រាវឡើងវិញ។
វិទ្យាស្ថាន មានភារកិច្ចធ្វើការស្រាវជ្រាវសំខាន់ៗដូចជា៖ វិធីសាស្ត្រដាំដុះនិងការពារដំណាំ ការធ្វើពិពិធកម្មដំណាំចន្លោះរងកៅស៊ូ ពិពិធកម្មខ្លួននិងប្រៀបធៀបកូន ពិសោធន៍សរីរសាស្ត្រ និងប្រមូលផលទឹកជ័រ ធ្វើតេស្តចៀរជ័រវាយតម្លៃទិន្នផលចម្ការពិសោធន៍ជម្រើសពូជបឋម អភិវឌ្ឍធនធានសេនេទិចកៅស៊ូ រៀបចំអនុសាសន៍ក្លូនកៅស៊ូ ត្រួតពិនិត្យនិងវាយតម្លៃច្បារពូជ ផ្តល់វិញ្ញាបនបត្រច្បារពូជកៅស៊ូ បណ្តុះបណ្តាលនិងផ្ទេរបច្ចេកវិទ្យាដល់ប្រតិបត្តិករកៅស៊ូ និងកៅស៊ូគ្រួសារជាដើម។
រហូតមកដល់សព្វថ្ងៃនេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សម្រេចបានភាពជោគជ័យក្នុងការផលិតពូជកៅស៊ូចំនួន២ប្រភេទ គឺCRRI12 និងCRRI 19 ជាពូជកៅស៊ូរបស់កម្ពុជា និងកំពុងបញ្ចេញឱ្យកសិករធ្វើការដាំដុះផងដែរ។
ក្នុងសកម្មភាពទស្សនកិច្ចនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា រួមទាំងគណ:ប្រតិភូ បានអញ្ជើញទស្សនាមន្ទីរពិសោធន៍កៅស៊ូ ពិនិត្យមើលចម្ការវាយតម្លៃកូនកៅស៊ូseedlink (ចម្ការក្លូនពូជកៅស៊ូ) និងបានទស្សនាឧទ្យានបេតិកភ័ណ្ឌកៅស៊ូតេជោ ធិបតី (ដើមកៅស៊ូ១០០ឆ្នាំ) ផងដែរ។
ឯកឧត្តម វង សូត ក៏បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដល់ស្ថានីយពិសោធន៍ និងជំរុញលើកទឹកចិត្តដល់មន្ត្រីនៃស្ថានីយពិសោធន៍ ក៏ដូចជាមន្ត្រីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាទាំងអស់ ត្រូវខិតខំបំពេញការងារដ៏សំខាន់នេះបន្តទៀត ដើម្បីជួយលើកស្ទួយបច្ចេកទេសនៃការដាំកៅស៊ូជូនដល់ប្រតិបត្តិករកៅស៊ូ និងកសិករកៅស៊ូគ្រួសារនៅកម្ពុជា៕

