ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានដាក់ចេញនូវអនុសាសន៍ណែនាំបន្ថែមចំនួន ៦ចំណុច ដើម្បីជាវិភាគទានក្នុងការជួយសម្រួច, ជំរុញ និងតម្រង់ទិសដៅការងារជាអាទិភាពតទៅមុខ សំដៅជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិកសម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញការណែនាំដូចនេះ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ដែលពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt regency Phnom penh។
អនុសាសន៍ទាំង ៦ចំណុចរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានដូចជា៖
ទី១៖ ក្រសួង-ស្ថាប័ន ត្រូវសហការជិតស្និទ្ធជាមួយគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ក៏ដូចជាគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការធ្វើអាទិភាវូបនីយកម្មសេវាសាធារណៈ ដើម្បីបញ្ចូលជាសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងត្រូវពិនិត្យឡើងវិញនូវសេវាពាក់ព័ន្ធទាំងឡាយ ក្នុងគោលដៅកែសម្រួលនីតិវិធីស្នើសុំសេវា, កែសម្រួលកម្រៃសេវា, និងពិនិត្យលទ្ធភាពលុបចេញ ឬ ផ្គួបចូលគ្នានូវសេវាទាំងឡាយណាដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា ឬមិនមានតម្លៃបន្ថែមខ្ពស់ ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់ និងការទទួលសេវា។
ទី២៖ ក្រសួង-ស្ថាប័ន ត្រូវសហការស្អិតល្មួតជាមួយលេខាធិការដ្ឋាននៃក្រុមការងារ អន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងគណៈកម្មាធិការរដ្ឋបាលភិបាលឌីជីថល ក្នុងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ផ្តល់សេវាអេឡិចត្រូនិក តាមគោលការណ៍ណែនាំបច្ចេកទេស ដូចមានចែងក្នុងឧបសម្ព័ន្ធនៃយុទ្ធសាស្ត្រនេះក្រោមទម្រង់ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ ធុរកិច្ច» តែមួយ។
ទី៣៖ ក្រសួង-ស្ថាប័ន ដែលគ្រប់គ្រងទិន្នន័យគោលត្រូវរៀបចំ និងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យគោល ព្រមទាំងចែករំលែកទិន្នន័យគោលទាំងនោះ ក្នុង «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច» តាមរយៈថ្នាល CamDX ដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ, កាត់បន្ថយការភ្ជាប់ឯកសារតម្រូវដែល មិនសូវចាំបាច់ និង បង្កើនគុណភាពនៃទិន្នន័យ តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យ។
ទី៤៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា ដែលកំពុងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល មានជាអាទិ៍៖ ថ្នាល CamDigiKey, CamDX, Bakong, និង Verify.gov.kh, ត្រូវបន្តពង្រឹង និងធ្វើទំនើបកម្មថ្នាលឌីជីថលទាំងនេះជាប្រចាំ ដើម្បីគាំទ្រដល់ការតភ្ជាប់ និងអន្តរប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅធានាសុវត្ថិភាព និងប្រសិទ្ធភាព នៃ «ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច», ហើយក្រសួង-ស្ថាប័ន ត្រូវចូលរួមប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល ទាំងនេះ ជាមូលដ្ឋានក្នុងការរៀបចំសេវាអេឡិចត្រូនិករបស់ខ្លួន។
ទី៥៖ ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល, ត្រូវរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីប្រតិបត្តិ ដែលទទួលបន្ទុកផ្ដល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីពង្រឹងសមត្ថភាព និងការសម្របខ្លួនរបស់មន្រ្តីទទួលបន្ទុកទៅនឹងនីតិវិធីការងារថ្មី, លើកកម្ពស់គុណភាពសេវា និងបង្កើនភាពជឿទុកចិត្ត ពីសំណាក់វិស័យឯកជន។
ទី៦៖ ក្រសួង-ស្ថាប័ន ត្រូវចូលរួមរៀបចំ និងពង្រឹងយន្តការផ្សព្វផ្សាយព័ត៌មាន អំពីសេវាអេឡិចត្រូនិករបស់ខ្លួនឲ្យបានទូលំទូលាយ ជូនដល់ធុរជន។ ទន្ទឹមនេះ, ក្រុមការងារអន្តរក្រសួង រៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ត្រូវពង្រឹង និងពង្រីកមុខងាររបស់ថ្នាល business.gov.kh ដើម្បីសម្រួលដល់ធុរជន ក្នុងការស្វែងរកព័ត៌មាន ពាក់ព័ន្ធនឹងសេវាសម្រាប់ធុរកិច្ច និង ផ្តល់ប្រឹក្សាដល់ធុរជន ដើម្បីងាយទទួលបានអនុលោមភាព លើសកម្មភាពអាជីវកម្មរបស់ខ្លួន។
បន្ថែមពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលបានខិតខំរៀបចំយុទ្ធសាស្រ្តនេះ រហូតសម្រេចជាស្ថាពរ និងត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ។
ឯកឧត្តមក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងឡាយ នឹងចូលរួមអនុវត្តយុទ្ធសាស្រ្តដ៏មានសារៈសំខាន់នេះ ឲ្យទទួលបានជោគជ័យពេញលេញ តាមការរំពឹងទុកក្នុងស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ដើម្បីគាំទ្រដល់ការរីកលូតលាស់របស់វិស័យឯកជន ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិ ៕

