សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ ខណៈព្រែកជីកមួយនេះគឺជាមធ្យោបាយដឹកជញ្ជូនផ្លូវទឹក ដោយតភ្ជាប់ពី សមុទ្រ និងទន្លេ។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
នៅក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។
សម្ដេចធិបតី បន្ថែមថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិនខណៈចិនក៏បានប្រកាសគាំទ្រព្រែកជីកហ្វូណនតេជោរបស់កម្ពុជាផងដែរ៕

