សម្ដេចធិបតី៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន

ភ្នំពេញ៖ សម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
សម្ដេចធិបតីបានបញ្ជាក់បែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួុយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងជំនួប សម្តេចបវរធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្តេចបវរធិបតី និងឯកឧត្តម ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត៕

