ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងឧត្តមសេនីយ៍ឯក តាន់ សំណាង ដឹកនាំវេនប្រចាំបញ្ជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភំ្នពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានបន្តដឹកនាំវេនប្រចាំបញ្ជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នៅនាយកដ្ឋានអង្គរក្ស។
ដើម្បីធានាដល់ការបញ្ហាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស ២០២៥ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ឱ្យប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព មានរបៀបរៀបរយល្អប្រសើរនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់តាំងវេនប្រចាំការ ២៤/២៤ម៉ោង។
ក្រុមប្រចាំការវេននីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការទទួលព័ត៌មានទាន់ហេតុការណ៍នានា ដែលកើតមានឡើងជាយថាហេតុ ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ព្រមទាំងបូកសរុបរបាយការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំ ដើម្បីជ្រាប និងចង្អុលដឹកនាំ ៕

