អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅស្រុកព្រៃនប់

ភ្នំពេញ៖ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំ តំណាងមន្ទីរ អង្គភាព និងមន្ត្រីបច្ចេកទេសចុះពិនិត្យទីតាំងស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន រោងចក្រនេះគ្រោងនឹងប្រើប្រាស់កម្លាំងពលកម្ម៣២៨នាក់ នៅដំណាក់កាលចាប់ផ្តើម និង ៦៣៨នៅពេលដំណើរការពេញសមត្ថភាព។
លោកអភិបាលរងខេត្ត បានស្នើដល់វិនិយោគិនត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា។
បន្ថែមពីលើនេះ លោកបានសំណេះសំណាល និងពន្យល់វិនិយោគិនអំពីស្ថានភាពសេដ្ឋកិច្ច នយោបាយសាកលនាពេលបច្ចុប្បន្ន និងបានណែនាំឱ្យវិនិយោគិនបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាប្រយោជន៍អ្នកវិនិយោគនៅកម្ពុជាជាអតិបរមា ៕

