ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកចាកចេញពីភ្នំពេញទៅកាន់ស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយប្រើប្រាស់ជិះរថយន្ដក្រុងដោយមិនគិតថ្លៃ។
សូមរំលឹកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តជិត ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅកាន់បណ្ដាលខេត្តនានានៅទូទាំងប្រទេស ដោយឥតគិតថ្លៃ (ចាប់ពីថ្ងៃ១២ ខែមេសា រហូតដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៥)។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា នេះជាការចូលរួមមួយផ្នែករបស់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ពោលក្នុងមួយរដូវកាលបុណ្យទានរាជរដ្ឋាភិបាលជួយសន្សំថវិកាពលរដ្ឋប្រមាណជាង២លានដុល្លារ កុំឲ្យចំណាយលើមធ្យោបាយទៅស្រុកកំណើត។
សូមជម្រាបថា រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ «ជិះដោយមិនបង់ប្រាក់» ពេលវេលាចេញដំណើរចាប់ពីម៉ោង ០៦៖៣០នាទីព្រឹក ដលម៉ោង១១៖៣០នាទីព្រឹក៕

