ឯកឧត្តម ចាយ បូរិន៖ កម្ពុជា-ថៃ នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង លើវិស័យទេសចរណ៍សាសនា និងការបណ្តុះបណ្តាលធន់ធានមនុស្ស

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីស្វែងរកការបង្កើតកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការនិងសាសនា និងសាកលវិទ្យាល័យរាជផាត់ឧបុនរាជធានី នៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ បានជម្រាបឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ចំនួន៣គឺ៖
១. ពង្រឹងទំនាក់ទំនងរវាងកម្ពុជា-ថៃ ពិសេសនៅខេត្តឧបុន
២.ជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី អំពីស្ថានភាពនាពេលបច្ចុប្បន្នរបស់និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសថៃ
៣. គោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ដើម្បីទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ នាពេលវេលាសមស្របណាមួយ។
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់លើទំនាក់ទំនងការទូតរវាងប្រទេសជិតខាងភូមិផងរបងតែមួយយ៉ាងជិតស្និត។ ក្នុងនោះដោយផ្អែកតាមទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
ឯកឧត្តមរដ្ឋមន្រ្តី បានឆ្លើយតបផងដែលចំពោះសំណើររបស់ ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ លើការពង្រឹងទំនាក់ទំនងរវាង កម្ពុជា-ថៃ ពិសេសវិស័យសិក្សាអប់រំ ទេសចរណ៍សាសនា នៅខេត្តឧបុន។
ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា សាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងបន្តជម្រុញនៅកិច្ចសហប្រតិបត្តិការ និងផ្តល់នូវអាហារូបករណ៍បន្ថែមទៀតដល់ក្រសួងធម្មការនិងសាសនា ដើម្បីផ្តល់ដល់សមណនិស្សិត និស្សិត ដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍សិក្សានៅប្រទេសថៃបន្ត ព្រមទាំងបានបញ្ជាក់ថា និងរកឱកាសល្អណាមួយដើម្បីដឹកនាំគណៈប្រតិភូទស្សនកិច្ច នៅសាកលវិទ្យាល័យ ដើម្បីស្វែងយល់កាន់តែច្បាប់អំពីបច្ចុប្បន្នភាព របស់សមណនិស្សិត និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរដល់ ឯកឧត្តម ថាមារ៉ាក់ ឡាអ៊ុងទួល (THAMARAK LA-ONGNUAL) សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អ៊ូប៊ុន រតចាផានីរាជាហាត់ រាជាណាចក្រថៃ និងសហការីទាំងអស់សូមជួបតែសុខសុវត្ថិភាពទាំងមកនិងត្រលប់ទៅមាតុភូមិវិញ ពិសេសសម្រេចគ្រប់ភារកិច្ចដែលកំពុងអនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ៕

