សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា នៅលើពិភពលោកយើងនេះ មានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែក៏ជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេផងដែរ។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះសកម្មភាពរបស់សមាគមឧកញ៉ា ដែលបានធ្វើនាពេលកន្លងទៅសម្រាប់សង្គមជាតិ ជាពិសេសរួមគ្នាថ្វាយដង្វាយដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រផងដែរ៕

