សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសមួយមានការអភិវឌ្ឍ និងរីកចម្រើនទៅបាន លុះត្រាណាមានធនធានមនុស្សច្រើន ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ ហើយក៏គ្មានឱកាសប្រកួតប្រជែងជាមួយប្រទេសដទៃបានដែរ។
សម្ដេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រសិនបើសង្គមមួយរវល់តែឈ្លោះគ្នា បែកបាក់គ្នា និងមានសង្គ្រាមរ៉ាំរ៉ៃផ្លាស់ប្ដូរពីរបបគ្រប់គ្រងឥតឈប់ មានភាពរកាំរកូស ឥតឈប់ឈរជាមួយប្រទេសជិតខាង សង្គមជាតិនោះ ពិតជាគ្មានពេលវេលាទៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ កសាងស្ថាប័ន និងកសាងសមត្ថភាព នៃមូលធនមនុស្សរបស់ខ្លួនបានឡើយ។
សម្តេចធិបតី បន្ដថា ផ្ទុយទៅវិញបើសង្គមមួយ មានសន្ដិភាព និងស្ថេរភាព ប៉ុន្ដែសង្គមទាំងមូលមិនបានផ្ដល់តម្លៃការសិក្សាអប់រំ ប្រជាពលរដ្ឋមិនខិតខំកសាងសមត្ថភាពរបស់ខ្លួន ប្រទេសជាតិមានធនធានមនុស្សទន់ខ្សោយ ខ្វះឯករាជ្យ ម្ចាស់ការ នឹងមិនអាចប្រកួតប្រជែងជាមួយនឹងគេបាន សង្គមនោះ ក៏មិនអាចមានការរីកចម្រើន បានលឿនបានដែរ៕

