អភិបាលខេត្តត្បូងឃ្មុំ ជំរុញដល់យុវជនត្រូវលេងកីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងបង្កើនមិត្ត ជៀសអោយឆ្ងាយពីគ្រឿងញៀន និងមិនត្រូវប្រព្រឹត្តភាពអសកម្មក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់ប្រជាពលរដ្ឋ ពិសេសយុវជន យុវតី ត្រូវចូលរួមលេងកីឡាអោយបានគ្រប់ៗគ្នា ទោះកីឡាប្រភេទអ្វីក៏ដោយ ដើម្បីរក្សាសុខភាពឲ្យបានរឹងមាំ និងបង្កើននូវមិត្តភាព ប៉ុន្ដែត្រូវជៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងពិសេសគ្រឿងញៀន។
ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែរ ឯកឧត្តមអភិបាលខេត្ត អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ បិទការប្រកួតកីឡាមធ្យមសិក្សាជ្រេីសរេីសជេីងឯកថ្នាក់ខេត្ត ឆ្នាំសិក្សា ២០២៤-២០២៥ នៅទីលានបាល់ទាត់វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
បន្ថែមពីនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានគូសបញ្ជាក់ថា ដើម្បីលើស្ទួយផ្នែកវិស័យកីឡាអោយមានសមត្ថភាពល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេងៗ យុវជន យុវតី សិស្សានុសិស្ស ត្រូវខិតខំស្វែងយល់បច្ចេកទេសពីគ្រូបង្វឹក និងធ្វើការដកស្រង់បច្ចេកទេសបទពិសោធន៍ពីកីឡាល្អៗ ហើយការលេងកីឡាត្រូវចេះស្រលាញ់គ្នា រួមសាមគ្គីគ្នា ត្រូវចេះយល់ចិត្តគ្នា ចេះអោយតម្លៃគ្នាទៅវិញទៅមក ទើបក្រុមទទួលបាននៅភាពជោគជ័យ។
ម្យ៉ាងទៀត យុវជន យុវតី សិស្សានុសិស្ស ត្រូវរួមគ្នាលេងកីឡា ដើម្បីលើកស្ទួយផ្នែកអបរំ និងកីឡា អោយមានភាពល្បីល្បាយលើកកិត្តិយសប្រទេសជាតិ ជាពិសសត្រូវយកចិត្តដាក់ក្នុងការសិក្សាពីព្រោះសិស្សានុសិស្ស គឺទំពាំងស្នងឬស្សី សម្រាប់ទ្រទ្រង់អនាគត់នៃប្រទេសជាតិយើង។
ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអំពារនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមគ្នាលេងកីឡា ក្នុងមនុស្សម្នាក់ កីឡា១ប្រភេទ (កីឡារស់ក្នុងសន្តិភាព) ដើម្បីថែរក្សា និងបំប៉នសុខភាពផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ឲ្យប្រកបដោយសីលធ៌ម និងដើម្បីចៀសឆ្ងាញពីការប្រព្រឹត្តនូវសកម្មភាពអសីលធម៌ អំពើ អបាយមុខផ្សេងៗ ជាពិសេសគឺការសេពគ្រឿងញៀនតែម្តង។
បើតាមរបាយការណ៍របស់លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ការប្រកួតកីឡានេះ មានរយៈពេល៤ថ្ងៃ ចាប់ផ្តេីមពីថ្ងៃទី៣ ដល់៧ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីកីឡាករ កីឡាការិនី មកពីក្រុង/ស្រុកទាំង៧ ចំនួន៦៧៩នាក់ លេីប្រភេទវិញ្ញាសា៖
-បាល់ទាត់ (បុរស-នារី) ចំនួន ១២ក្រុម ស្រី ៦ក្រុម
-បាល់ទះ (បុរស-នារី) ចំនួន ៨ក្រុម ស្រី ៣ក្រុម
-បាល់បោះ (បុរស-នារី) ចំនួន ១១ក្រុម ស្រី ៥ក្រុម
-ប៊ូលប៉េតង់ ចំនួន ១០ក្រុម ស្រី ៥ក្រុម
-អត្តពលកម្ម ចំនួន ៣ក្រុម។
ក្រោយប្រកួតយ៉ាងស្វិតស្វាញ់អស់រយះពេល៤ថ្ងៃរួចមក ជាលទ្ធផល៖
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសារបាល់ទាត់បុរស បានទៅលើក្រុមកីឡាករមកពីស្រុកមេមត់
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសារបាល់ទាត់នារី បានទៅលើក្រុមកីឡាករមកពីស្រុកអូររាំងឪ
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់ទះបុរស បានទៅលើក្រុមកីឡាករមកពីស្រុកពញាក្រែក
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់ទះនារី បានទៅលើក្រុមកីឡាករមកពីស្រុកពញាក្រែក
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់បោះបុរស បានទៅលើក្រុមកីឡាករមកពីស្រុកមេមត់
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសាបាល់បោះ នារី បានទៅលើក្រុមកីឡាករមកពីក្រុងសួង
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសាប៊ូលប៉េតង់បុរស បានទៅលើក្រុមកីឡាករមកពីស្រុកត្បូងឃ្មុំ
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសាប៊ូលប៉េតង់ នារី បានទៅលើក្រុមកីឡាករមកពីស្រុកត្បូងឃ្មុំ
-ចំណាត់ថ្នាក់លេខ១ វិញ្ញាសារ អត្តពលកម្ម បានទៅលើក្រុមកីឡាករមកពីស្រុកពញាក្រែក។
ក្នុងនោះ ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់ចំនួន១ បាល់ ខោអាវ និងថវិការ ចំណែកចំណាត់ថ្នាក់លេខ២និងលេខ៣ ទទួលបានទង់អនុស្សាវរី៍១ បាល់ ខោអាវ និងថវិការ លើកទឹកចិត្ត។
ចប់ការប្រកួតឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភចាក់ដីនៅបរិវេណវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ចំនួន៣០០ឡានផងដែរ ៕

