ឯកឧត្ដម ឃួង ស្រេង កោតសរសើរបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជន

ភ្នំពេញ៖ ដើម្បីចូលរូមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ «សិទ្ធិសមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប» ជាប្រធានបទ ដែលបានលើកឡើងក្នុងទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្នុងន័យលើកតម្កើនសិទ្ធិនារី ដែលមិនអាចខ្វះបាន ជាដៃគូជាមួយបុរសក្នុងគ្រប់កិច្ចកាសង្គម និងអភិវឌ្ឍន៍ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពីធីសំណេះសំណាលជាមួយបងប្អូននារីក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង។
ក្នុងឱកាសនោះ លោកស្រី កែវ រត្ន័តារា សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ បានអានព្រះរាជសាររបស់សម្តេចព្រះមហាក្សត្រីយ៍ នរោត្តម មុនីនាថ សីហនុ ព្រវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត ជូនដល់បងប្អូននារីយើង ប្រកបដោយសក្តានុពល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជាឆ្អឹងខ្នងសេដ្ឋកិច្ច ការងារសង្គម ក៏ដូចការងារគ្រួសារជាមូលធនមនុស្សដ៏សំខាន់។
ឯកឧត្ដម ឃួង ស្រេង បានកោតសរសើរបងប្អូននារីក្នុងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ចជូនជាតិ និងប្រជាជននៅគ្រប់កិច្ចការសង្គម សហគមន៍ និងការងាគ្រួសារ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
ឯកឧត្ដម ឃួង ស្រេង បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាន និងអនុវត្តសិទ្ធិ នៃការលើកកម្ពស់សមភាព និងការពង្រីកភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា រួមទាំងការពិនិត្យឡើងវិញ នូវវឌ្ឍនភាពដែល សម្រេចបាន ព្រមទាំងបញ្ហាដែលនៅសេសសល់ លើការងារអនុវត្តសេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិឆ្លើយតបទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និងយុទ្ធសាស្រ្តបញ្ញកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាយ៉ាងពិតប្រាកដ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេង បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមន៍កាយប្ញទ្ធិនារីកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល ដែលជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិត តែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រី ជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងជូនចំពោះបងប្អូននារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ដែលបងប្អូននារីយើង បានចូលរួមគ្រប់ការងារសង្គមទាំងទិដ្ឋភានយោបាយ, សេដ្ឋកិច្ច, កិច្ចការសហគម និងការងារគ្រួសារ និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពល។
ឯកឧត្ដមអភិបាលបានបញ្ជាក់ទៀតថា «ខ្មែរយើងបានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្ល៉េះ តាមរយៈពាក្យពេជន៍ អក្សរសាស្ត្រ ភាសាក្នុងការងារសង្គមដូចជា៖ មាតុភូមិ, មេទ័ព, មេក្រុម,មេដំបូល, មេគ្រួសារ, មេឃុំ, មេស្រុកជាដើម»។ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឱកាសផ្តល់ការងារដល់បងប្អូននារីឲ្យមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គម ទាំងនយោបាយ, សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៌ជាដើម ឱ្យមានសមភាពយ៉េនឌ័រ ជាមួយបុរស។ ដូច្នេះបងប្អូននារី ត្រូវបន្តខិតខំលើកកំពស់សមត្ថភាព ចំណេះដឹង និងជំនាញ ដែលធ្វើឲ្យស្ត្រីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការងារសង្គម។
នាឱកាសនោះឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ, ឯកឧត្ដម ម៉ប់ សារិន បានជូនកាដូរលើកទឹកចិត្តដល់បងប្អូននារីចំនួន២៦៥នាក់ ក្នុងម្នាក់ៗទទួលបានហូល១ដុំ និងថវិកា ចំនួន៣០ម៉ឺនរៀល ដែលជាអំណោយរបស់លោក ឃួង ស្រេង និងលោកស្រី ជា ស៊ីណា ឃួងស្រេង៕

