ណូរូ ជាប្រទេសកោះមួយដែលមានផ្ទៃដីត្រឹមតែជិត២១គីឡូម៉ែត្រការ៉េ

យ៉ារែន៖ ណូរូ (Nauru) ជាប្រទេសកោះមួយដែលមានផ្ទៃដីត្រឹមតែជិត២១គីឡូម៉ែត្រការ៉េនៅមហាសមុទ្ទប៉ាស៊ីហ្វិកភាគនិរតី អាចជារបស់អ្នក ដោយគ្រាន់តែចំណាយលុយ១០៥ ០០០ដុល្លារ។ កោះដ៏តូចនេះបានចាប់ផ្តើមគំនិតផ្តួចផ្តើម «លិខិតឆ្លងដែនមាស» ក្នុងគោលបំណងរៃអង្គាសប្រាក់ដើម្បីផ្តល់មូលនិធិដល់សកម្មភាពអាកាសធាតុ។
កោះនេះប្រឈមនឹងការគម្រាមកំហែងពីការកើនឡើងនៃកម្រិតទឹកសមុទ្ទ ការកើនឡើងនៃខ្យល់ព្យុះ និងការហូរច្រោះឆ្នេរសមុទ្ទដោយសារតែការឡើងកម្តៅផែនដី។ ប៉ុន្តែប្រទេសតូចជាងគេទីបីរបស់ពិភពលោកខ្វះធនធាន ដើម្បីការពារខ្លួនពីវិបត្តិអាកាសធាតុ។ រដ្ឋាភិបាលណូរូជឿថា ការលក់សញ្ជាតិនឹងជួយបង្កើនមូលនិធិដែលត្រូវការសម្រាប់ផែនការដើម្បីផ្លាស់ទី៩០ភាគរយនៃចំនួនប្រជាជនប្រហែល១២ ៥០០នាក់នៅលើកោះនេះ ទៅកាន់ទីទួលខ្ពស់ និងកសាងសហគមន៍ថ្មីមួយ។
ប្រធានាធិបតីណូរូ លោក ដេវីដ អាដៀង បាននិយាយថា៖«ខណៈពិភពលោកកំពុងរវល់ជជែកពិភាក្សាអំពីសកម្មភាពអាកាសធាតុ យើងត្រូវចាត់វិធានការយ៉ាងសកម្ម ដើម្បីធានាអនាគតរបស់ប្រទេសជាតិរបស់យើង»។ លិខិតឆ្លងដែននឹងត្រូវលក់ក្នុងតម្លៃយ៉ាងតិច១០៥ ០០០ដុល្លារ។ យ៉ាងណា វានឹងត្រូវបានហាមឃាត់មិនលក់ឱ្យអ្នកដែលមានប្រវត្តិឧក្រិដ្ឋកម្មមួយចំនួន។ អ្នកកាន់លិខិតឆ្លងដែនណូរូអាចចូលទៅកាន់ប្រទេសចំនួន៨៩រួមទាំងចក្រភពអង់គ្លេស ហុងកុង សិង្ហបុរី និងអេមីរ៉ាត់អារ៉ាប់រួម ដោយគ្មានទិដ្ឋាការ។
កម្មវិធី នេះ ត្រូវ បាន បង្កើតឡើង ជា ឱកាស ដើម្បី ធានា អនាគត នៃ ប្រទេសកោះនេះ។ ណូរូបាន ជីក យក រ៉ែពី ដើម ទសវត្សរ៍ ឆ្នាំ១៩០០ ដែលធ្វើឱ្យ៨០ភាគរយនៃ ផ្ទៃដីកោះ នេះ ក្លាយជាទីកន្លែងមិនអាចតាំងទីលំនៅបាន ដោយបង្ខំឱ្យប្រជាជនភាគច្រើនរស់នៅជាចង្កោមតាមបណ្តោយឆ្នេរសមុទ្ទ ដែលប្រឈមនឹងការកើនឡើងនៃកម្ពស់ទឹកសមុទ្ទ។ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ ណូរូបានបម្រើការជាកន្លែងឃុំឃាំងនៅឯនាយសមុទ្ទសម្រាប់ជនភៀសខ្លួន និងជនចំណាកស្រុកដែលប៉ុនប៉ងតាំងទីលំនៅក្នុងប្រទេសអូស្ត្រាលី។
ណូរូរំពឹងថា នឹងរកចំណូលបានប្រហែល៥,៦លានដុល្លារពីកម្មវិធីលក់សញ្ជាតិក្នុងឆ្នាំដំបូង ហើយព្យាករថា នឹងកើនឡើងដល់ប្រហែល៤២លានដុល្លារនៅឆ្នាំបន្ទាប់។ ទន្ទឹមគ្នានោះ កម្មវិធីនេះត្រូវបានគេសង្ឃឹមថានឹងបង្កើតបាន១៩ភាគរយនៃប្រាក់ចំណូលសរុបរបស់រដ្ឋាភិបាល៕

