យន្តហោះចម្បាំងហ្វីលីពីន FA-50 មួយគ្រឿង បាត់ខ្លួន បន្ទាប់ពីហោះអមកងកម្លាំងជើងគោក ប្រយុទ្ធតទល់នឹងពួកឧទ្ទាមកុម្មុយនីស្ដ ក្នុងតំបន់មីនដាណាវភាគខាងត្បូង

ម៉ានីល៖ យន្តហោះចម្បាំងហ្វីលីពីន FA-50 មួយគ្រឿង ដឹកអាកាសយានិក២នាក់បានបាត់ខ្លួន បន្ទាប់ពីបានហោះហើរអមកងកម្លាំងជើងគោកប្រយុទ្ធតទល់នឹងពួកឧទ្ទាមកុម្មុយនីស្ដនៅក្នុងតំបន់មីនដាណាវភាគខាងត្បូង។ នេះបើតាមមន្ត្រីយោធាហ្វីលីពីនម្នាក់ អះអាងនៅថ្ងៃអង្គារទី៤ ខែមីនា។
អ្នកនាំពាក្យកងទ័ពអាកាស លោកស្រី ខូឡូណែល ខុនស៊ុយអេឡូ ខាស្ទីលឡូ បានលើកឡើងថា យន្តហោះចម្បាំងនោះកំពុងហោះហើរកៀកដី នៅលើផ្លូវទៅកាន់តំបន់គោលដៅរបស់ខ្លួន រួចមកក៏បានបាត់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការពេលយប់ជាយុទ្ធសាស្ត្រដើម្បីគាំទ្រដល់កងទ័ពជើងគោកក្នុងប្រតិបត្តិការកម្ចាត់ក្រុមឧទ្ទាម។ លោកស្រី ខាស្ទីលឡូ បន្តថា ៖«យើងសង្ឃឹមថា យើងនឹងអាចសង្គ្រោះពួកគេបាន ទាំងយន្តហោះ និងអាកាសយានិក។ យើងជឿថាពួកគេមានសុវត្ថិភាព»។
ជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពហ្វីលីពីន លោកវរសេនីយ៍ឯក លូអ៊ី ឌីម៉ាអាឡា (Louie Dema-ala) បានបញ្ជាក់ប្រាប់ AFP ថា យន្តហោះចម្បាំង FA-50 ដែលបានបាត់ខ្លួន គឺជាផ្នែកមួយនៃកងវរសេនាតូចដែលបានបញ្ជូនទៅដើម្បីផ្តល់ការគាំទ្រ អាកាសដល់កងទ័ព ដើម្បីប្រយុទ្ធជាមួយពួកឧទ្ទាមកុម្មុយនីស្ដនៅក្នុងខេត្តប៊ូឃីដណុន(Bukidnon) នៃតំបន់មីនដាណាវ។ ជំនួយផ្លូវអាកាសត្រូវបានកោះហៅក្នុងកំលុងពេលការប្រយុទ្ធគ្នាជាមួយកងទ័ពប្រជាជនថ្មីនៅក្នុងតំបន់ភ្នំមួយ។ ទន្ទឹមនឹងការបះបោរម៉ៅនិយមបានអូសបន្លាយរយៈពេលយូរ ដោយឥឡូវនេះត្រូវបានគេជឿថា ក្រុមឧទ្ទាមមានយុទ្ធជនជាង២០០០នាក់។
ជុំវិញបញ្ហានេះ កងកម្លាំងអាកាសហ្វីលីពីនបានអះអាងថា យន្តហោះបានបាត់ការទាក់ទងឈឹង ខណៈហ្វីលីពីនត្រៀមរៀបចំសម្រាប់មន្ត្រីអនុរក្សព្រៃឈើតាមសហគមន៍ ដើម្បីស្វែងរកយន្តហោះចម្បាំង ដែលត្រូវបានបាត់ខ្លួន។ ជាចុងក្រោយ កងកម្លាំងអាកាសបានប្តេជ្ញាថា ខ្លួនកំពុងបង្កើនប្រតិបត្តិការស្វែងរកយ៉ាងទូលំទូលាយ និងហ្មត់ចត់ ដោយប្រើប្រាស់ធនធានដែលមានទាំងអស់ ដើម្បីកំណត់ទីតាំងយន្តហោះចម្បាំងដែលបានបាត់តម្រុយឈឹងនោះ៕

