កិច្ចប្រជុំរបស់ប្រធានាធិបតីអ៊ុយក្រែន ប៉ះពាក្យសម្តីគ្នាជាមួយប្រធានាធបិតីអាមេរិក នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ ក្នុងសេតវិមានជុំវិញសង្រ្គាមជាមួយរុស្ស៊ី

វ៉ាស៊ីនតោន៖ កិច្ចប្រជុំរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយប្រធានាធបិតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយក្នុងសេតវិមានជុំវិញសង្រ្គាមជាមួយរុស្ស៊ី។
លោក ហ្សេឡេនស្គី បានមើលឃើញថាកិច្ចប្រជុំនៅក្នុងការិយាល័យប្រធានាធិបតីអាម៉េរិកជាឱកាសមួយដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាម៉េរិកមិនឱ្យចូលខាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែនកាលពីបីឆ្នាំមុន។ ជំនួសមកវិញ លោកប្រធានាធិបតី ត្រាំ និងអនុប្រធានាធិបតី ជេឌី វ៉ាន (JD Vance) បានរិះគន់លោក ហ្សេឡេនស្គី ថាមិនបង្ហាញការគោរព ដែលជំរុញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតក្នុងសម័យសង្គ្រាមរបស់រដ្ឋធានីកៀវដល់កម្រិតទាប។ លោក ត្រាំ ថា លោក ហ្សេឡេនស្គី កំពុងប្រលែងលេងជាមួយសង្គ្រាមលោកលើកទីបី។
កិច្ចប្រជុំដ៏តានតឹងបានផ្ទុះឡើង នៅពេលដែលលោក វ៉ាន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការទូតដើម្បីដោះស្រាយជម្លោះដ៏ធំបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ លោក ហ្សេឡេនស្គី បានតបតថា លោក ពូទីន មិនអាចជឿទុកចិត្តបានហើយបានកត់សម្គាល់ថា លោក វ៉ាន មិនដែលទៅទស្សនកិច្ចអ៊ុយក្រែនទេ។ លោក ហ្សេឡេនស្គី បន្តថា៖«តើអ្នកកំពុងនិយាយអំពីការទូតបែបណា?» លោក វ៉ាន តបតវិញថា៖«ខ្ញុំកំពុងនិយាយអំពីប្រភេទការទូតដែលនឹងបញ្ចប់ការបំផ្លិចបំផ្លាញនៃប្រទេសរបស់អ្នក»។ លោក វ៉ាន បានដំឡើងសំឡេងរបស់គាត់ ហើយនិយាយថា៖«តើអ្នកគិតថាវាគួរឱ្យគោរពទេដែលមកការិយាល័យប្រធានាធិបតីនៃសហរដ្ឋអាមេរិកហើយវាយប្រហាររដ្ឋបាលដែលព្យាយាមការពារការបំផ្លាញប្រទេសរបស់អ្នក»?
កិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងសហរដ្ឋអាម៉េរិក ដើម្បីរួមគ្នាអភិវឌ្ឍធនធានធម្មជាតិដ៏សម្បូរបែបរបស់អ៊ុយក្រែន ដែលរដ្ឋធានីកៀវនិងសម្ព័ន្ធមិត្តអឺរ៉ុបសង្ឃឹមថានឹងនាំមកនូវទំនាក់ទំនងកាន់តែប្រសើរឡើង ត្រូវបានទុកចោលដោយគ្មានការចុះហត្ថលេខា។ នៅពេលដែលមេដឹកនាំអ៊ុយក្រែនបានចាកចេញពីសេតវិមានភ្លាមៗបន្ទាប់ពីជម្លោះពាក្យសំដីដ៏ក្ដៅគគុក លោក ត្រាំ សរសេររៀបរាប់លើបណ្តាញសង្គម Truth Social ថា៖«មេដឹកនាំអ៊ុយក្រែនមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់សន្តិភាព។ គាត់មិនគោរពសហរដ្ឋអាម៉េរិក។ គាត់អាចត្រលប់មកវិញនៅពេលដែលគាត់ត្រៀមខ្លួនសម្រាប់សន្តិភាព»។ ចំណែកលោក ហ្សេឡេនស្គី បានបង្ហោះនៅលើបណ្តាញសង្គម Xថា៖«សូមអរគុណប្រធានាធិបតីសហរដ្ឋអាម៉េរិក សភា និងប្រជាជនអាម៉េរិក។ អ៊ុយក្រែនត្រូវការសន្តិភាពត្រឹមត្រូវ និងយូរអង្វែង ហើយយើងកំពុងធ្វើការយ៉ាងពិតប្រាកដសម្រាប់រឿងនោះ»។
មេដឹកនាំអ៊ឺរ៉ុបបានចេញមុខការពារលោក ហ្សេឡេនស្គី។ បេក្ខភាពអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីដរិច មឺស (Friedrich Merz) បាននិយាយថា៖«យើងមិនត្រូវច្រឡំអ្នកឈ្លានពាន និងជនរងគ្រោះក្នុងសង្រ្គាមដ៏អាក្រក់នេះឡើយ»។ ក្រោយប៉ះពារពាក្យសម្តីជាមួយអ៊ុយក្រែន លោក ហ្សេឡេនស្គី បានជជែកពិភាក្សាគ្នាតាមទូរសព្ទជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូដ (Mark Rutte) និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa)។ នេះបើតាមមន្ត្រីក្នុងគណៈប្រតិភូអ៊ុយក្រែននៅវ៉ាស៊ីនតោន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ចក្រភពអង់គ្លេសគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរបស់មេដឹកនាំអឺរ៉ុប និងលោក ហ្សេឡេនស្គី នៅថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកសន្តិសុខដល់អ៊ុយក្រែន ក្នុងករណីមានកិច្ចព្រមព្រៀងសន្តិភាពណាមួយរវាងរដ្ឋធានីម៉ូស្គូ និងកៀវ៕

