ចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រី៩នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅក្រុងសែនមនោរម្យ

ភ្នំពេញ៖ នគរបាលបានធ្វើការចាប់ខ្លួនជនជាតិវៀតណាមប្រុសស្រី៩នាក់ ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅចំណុចរីស៊ត ឈ្មោះ ក្រវ៉ាន់អ៊ីន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានរកឃើញសម្ភារ និងវត្ថុតាងម៉្សៅក្រាម ពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន៤កញ្ចប់ធំល្មម, សារធាតុញៀន (ជាគ្រាប់-បំបែករួច) ពណ៌លឿង ប្រភេទ អ៊ិចស្តាស៊ី ចំនួន៤ចំនិត, ទូរស័ព្ទដៃចំនួន៧គ្រឿង, រថយន្តចំនួន ៣គ្រឿង, ម៉ូតូ ១គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កំពុងកសាងសំណុំរឿងទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

