ឯកឧត្ដមរដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ ក្នុងសេដ្ឋកិច្ចជាតិក្នុងនោះ ឆ្នាំ២០២៣ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ០៨៣លានដុល្លារ, ឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣ ៦៣៧លានដុល្លារ ដោយរួមចំណែកប្រមាណ៩.៤% នៃផលិតផលក្នុងស្រុកសរុប ហើយតាមការព្យាករណ៍ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥ ១០០លានដុល្លារអាម៉េរិក ដោយរួមចំណែកប្រមាណ១០.៥% នៃ ផលិតផលក្នុងស្រុកសរុប។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដម ហួត ហាក់ បានឱ្យដឹងថា នៅឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ៦.៧ លាននាក់កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិប្រមាណ ២២.៥២លាននាក់ កើនឡើង ២០.១% ធៀបនឹងឆ្នាំ២០២៣។
ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា តាមរយៈការជំរុញការអនុវត្តផែនការមេ អភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប, ខេត្តមណ្ឌលគិរី, ខេត្តកែប, ផែនការអភិវឌ្ឍទេសចរណ៍នៅថ្នាក់ក្រោមជាតិ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍មូស្លីម, ក្រសួងទេសចរណ៍ ក៏បាននឹងកំពុងរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍, សេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដែលមានគោលដៅ លើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និរន្តភាព និងបរិយាបន្ន៕

