សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញពាក្យស្លោកបន្ថែមមួយឃ្លាថា «ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព»

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញបន្ថែមនូវពាក្យស្លោកមួយឃ្លាថា «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» លើពាក្យស្លោកដែលមានពីមុនគឺ «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» ។
ការដាក់បន្ថែមពាក្យស្លោកបន្ថែមនេះ ធ្វើឡើងក្នុងឱកាសសម្ដេចបវរធិបតី អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
សម្ដេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងទេសចរណ៍សម្រេចបានក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ លើវិស័យទេសចរណ៍កម្ពុជា។
សម្ដេចធិបតី មានប្រសាសន៍ថា ផលិតផល ក្នុងវិស័យទេសចរណ៍ ក៏ដូចទៅនឹងការធ្វើស្រែដែរ គឺមិនអាចរកចាំតែទឹកភ្លៀងទេ ប៉ុន្ដែត្រូវមានការកែច្នៃ ដើម្បីធ្វើយ៉ាងណាទាក់ទាញទេសចរបរទេសនានាមកទស្សនាកម្ពុជាឱ្យបានច្រើនគ្រប់រដូវកាល ជាពិសេសការរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ទេសចរក្នុងស្រុក ៕

