សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើន និងប្រកបដោយសុខដុមរមនា

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពនៅក្នុងពិធីបើកកិច្ច ប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ “ឥស្លាមនិងពុទ្ធសាសនា” រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបានរំលឹកថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើន និងប្រកបដោយសុខដុមរមនា រួមទាំងបើកសិទ្ធសេរីភាពជាច្រើនទៀតផងដែរ។
សម្ដេចធិបតីបន្ថែមថា គ្មានសាសនាណាមួយបង្រៀនសាវ័ករបស់ខ្លួនឱ្យប្រព្រឹត្តអំពើបាបនោះទេពោលគឺសាសនាទាំងអស់សុទ្ធតែបានតម្រង់ទិសសាសនិករបស់គេឱ្យប្រព្រឹត្តអំពើល្អ ប្រកបដោយសីលធម៌ មេត្តាធម៌ គុណធម៌ និងភាពស្មោះត្រង់ជាដើម។
ជាមួយគ្នានោះសម្តេចធិបតី ក៏បានលើកឡើងផងដែរថា ក្រោយសម័យប្រល័យ ពូជាសាសន៍ ប៉ុល ពត សាសនាឥស្លាមត្រូវរស់ឡើងវិញ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបិតាស្ថាបនិកសន្តិភាពកម្ពុជា បានធ្វើឲ្យសាសនាឥស្លាមនៅកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀតដោយមិនបានធ្វើការរិតបន្តឹងសិទ្ធសេរីភាព ជំនឿរ និងប្រពៃណីសាសនារបស់បងប្អូនឥស្លាមនោះឡើយ៕

