អភិបាលខេត្តព្រះសីហនុ៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាពកាន់កាប់ដីធ្លី

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។
ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងឃុំអូរបាក់រទេះ ឃុំចំការហ្លួង និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅបរិវេណសាលាស្រុកកំពង់សីលា នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានធ្វើរបាយការណ៍សង្ខេបស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៨ភូមិ នៃស្រុកកំពង់សីលា មានចំនួន ៦,៧១០ក្បាលដី។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងកម្ម វិធីចែកប័ណ្ណកម្មសិទ្ធនាពេលនេះ នេះជាទឹកចិត្តសប្បាយរីករាយធ្វើឱ្យដំណើរការចុះបញ្ជីដីធ្លី និងឈានដល់ការចែកប័ណ្ណដោយសារមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ ហើយរដ្ឋបាលខេត្តចង់ឃើញពុកម៉ែ បងប្អូនទទួលបានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់គ្នា ដើម្បីកាត់បន្ថយនូវទំនាស់ដីធ្លី នៅពេលទទួលបានប័ណ្ណនេះ វាមានអត្ថប្រយោជន៍ក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ និងសូមទុកដាក់ប័ណ្ណនេះឱ្យបានត្រឹមត្រូវ ព្រោះរដ្ឋបាលដីធ្លីមិនអាចចេញប័ណ្ណនេះជូនបងប្អូនម្តងទៀតនោះទេ ម្យ៉ាងទៀតប័ណ្ណនេះបានជួយកាត់បន្ថយនូវទំនាស់ដីធ្លី ដែលរាជរដ្ឋាភិបាលមិនចង់ឃើញមានជម្លោះដីធ្លីនៅទូទាំងក្រុង ស្រុក នៅទូទាំងប្រទេស។
ឯកឧត្តមអភិបាលខេត្ត បានបន្ដថា សូមកុំយកប័ណ្ណកម្មសិទ្ធយកទៅលក់ដូរ ក៏ប៉ុន្តែការដោះដូរយកទៅប្រកបមុខរបប ឬការពង្រីកអាជីវកម្មផ្សេងៗ ដើម្បីបង្កើនជីវភាពគ្រួសារកាន់តែល្អប្រសើរ ត្រូវគិតគូពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ក្នុងការបង្កើតអាជីវកម្មប្រកបដោយភាពរីករាយក្នុងក្រុមគ្រួសារ ស្របពេលដែលប្រជាជនកម្ពុជា កំពុងទទួលបាននូវសេចក្តីសោមនស្សរីករាយជាមួយនឹងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅដ៏សុខក្សេមសាន្តក្រោមម្លប់នៃសុខសន្តិភាព។ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាទីមោទក គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម ជាពិសេសស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ជីវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកកំពង់សីលា មន្រ្តីបច្ចេកទេសសុរិយោដី និងអ្នកពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការចូលរួមគាំទ្រសម្របសម្រួលឱ្យបានកាន់តែសកម្មថែមទៀតនៅក្នុងដំណើរការចុះបញ្ជីដីធ្លី និងជំរុញដំណើរការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ព្រមទាំងខិតខំសម្រួល និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានពាក់ព័ន្ធក្នុងការផ្តល់សេវានៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានលឿន ឆាប់ និងមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទៅលើមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងយុទ្ធសាស្ត្រផ្សេងទៀត បង្កើតការងារជូនប្រជាពលរដ្ឋ ដើម្បីបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាក្នុងគ្រប់កាលៈទេសៈប្រកបដោយឧត្តមគតិ និងការបេ្តជ្ញាចិត្តយ៉ាងមោះមុត គឺជានិមិត្តរូបនៃការចាប់ផ្តើមទំព័រកម្ពុជាសហសម័យ ដើម្បីតម្រង់ទិសឆ្ពោះឈានទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ៕

