សម្តេចធិបតី៖ ភ្ញៀវទេសចរទៅទស្សនាផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ដោយសារកម្ពុជាមាននូវសុខសន្តិភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា ភ្ញៀវទេសចរសព្វថ្ងៃអញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ខណៈកំណើន ភ្ញៀទេសចរណ៍ មានការកើនឡើងនេះ ដោយសារកម្ពុជាមាននូវសុខសន្តិភាព។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ Southwest Asia នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី កំពុងប្រែក្លាយរដូវដែលមានភ្ញៀវតិច (Low season) ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវទេសចរ ច្រើនដូច High season។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា វិស័យទេសចរណ៍នៅខេត្តសៀមរាប នាពេលបច្ចុប្បន្ន កំពុងតែមានស្ថានភាពល្អប្រសើរ ហើយមានភ្ញៀវទេសចរជាច្រើន បានមកលេងកម្សាន្ត នៅលើទឹកដីអង្គរជារៀងរាល់ថ្ងៃ។ ទន្ទឹមនិងនេះសម្ដេច ក៏បានចូលរួមអបអរសាទរ ជាមួយអ្នកខេត្តសៀមរាប ដែលភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ៕

