លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកកំពុងបញ្ឈប់ និងលុបបំបាត់មុខតំណែងបុគ្គលិក USAID ប្រហែល២០០០នាក់

វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យទី២៣កុម្ភៈ អះអាងថា អាម៉េរិកកំពុងបញ្ឈប់ និងលុបបំបាត់មុខតំណែងបុគ្គលិកភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រហែល២០០០នាក់ លើកលែងតែបុគ្គលិក USAID កាន់តួនាទីសំខាន់ៗមួយចំនួននៅជុំវិញពិភពលោកប៉ុណ្ណោះ។
ភ្នាក់ងារសហរដ្ឋអាម៉េរិកទាំងអស់សម្រាប់ការអភិវឌ្ឍអន្តរជាតិ បុគ្គលិកជួលផ្ទាល់នឹងត្រូវបញ្ឈប់ពីការងារ លើកលែងតែបុគ្គលិកចាំបាច់សម្រាប់មុខងារសំខាន់ៗប៉ុណ្ណោះ។
សេចក្តីជូនដំណឹងបង្ហាញថា ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារកំពុងចាប់ផ្តើមអនុវត្តការកាត់បន្ថយ និងជម្រុះបុគ្គលិក USAID ប្រហែល២០០០នាក់នៅក្នុងសហរដ្ឋអាម៉េរិក។នាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដឹកនាំដោយមហាសេដ្ឋីចិត្តដាច់ អ៊ីឡុន ម៉ាស បានជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីរំលាយ USAID ចោល ជាយន្តការចែកចាយដ៏សំខាន់សម្រាប់ជំនួយបរទេសរបស់អាម៉េរិក និងជាឈ្នាន់អំណាចទន់ដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ដើម្បីពង្រីកឥទ្ធិពលនៅជុំវិញពិភពលោ ក្នុងនាមជាមហាអំណាច។ ដូច្នេះ រដ្ឋបាលថ្មីរបស់ ត្រាំ ទំនងជាមិនឈឺក្បាលហាលថ្ងៃ ជុំវិញការបញ្ឈប់បុគ្គលិក USAID រាប់ពាន់នាក់ និងការរុះរើប្រព័ន្ធការិយាធិបតេយ្យថ្មីរបស់សហរដ្ឋអាម៉េរិកនោះឡើយ។
ជុំរឿងរ៉ាវខាងលើ អតីតមន្ត្រី USAID ជាន់ខ្ពស់២រូបបានប៉ាន់ប្រមាណថា ភាគច្រើននៃបុគ្គលិក USAID ប្រហែល៤៦០០នាក់ មានអាជីពជាមន្ត្រីរាជការ និងបុគ្គលិកបម្រើការបរទេស នឹងត្រូវបញ្ឈប់ពីតួនាទីរបស់ពួកគេ។ ជាក់សស្តែង អតីតមន្ត្រី USAID ម្នាក់បានសង្កត់ធ្ងន់ថា៖«រដ្ឋបាល[ត្រាំ] និងរដ្ឋមន្រ្តីការបរទេស លោក ម៉ាកូ រ៉ូប៊ីអូ មានគំនិតរាក់ ជុំវិញការបន្ថយសមត្ថភាពនៃការឆ្លើយតបវិបត្តិពិភពលោកសំខាន់ៗរបស់សហរដ្ឋអាម៉េរិក។
នៅពេលផ្ទុះឡើងនៃជំងឺរាតត្បាត និងប្រជាជនផ្លាស់ទីលំនៅ[..] អ្នកជំនាញរបស់ USAID ទាំងនេះនៅទីកន្លែងនោះ ហើយត្រូវបានដាក់ពង្រាយដើម្បីជួយរក្សាស្ថិរភាព និងផ្តល់ជំនួយ»។
ទន្ទឹមគ្នានេះ អតីតមន្ត្រី USAID មួយរូបទៀតបានអះអាងថា៖«សេចក្តីជូនដំណឹងដែលមិនមានចុះហត្ថលេខាដោយរដ្ឋបាល ត្រាំ មិនមែនជាការអនុវត្តច្បាប់ប្រទេសនោះទេ។ ពួកគេកំពុងធ្វើតាមតែអំពើចិត្តរបស់បុគ្គល និងត្រូវបានប្រតិបត្តិការដោយអ្នកដែលមានសិទ្ធិអំណាចតែប៉ុណ្ណោះ»។
គួររំឭកថា បុរសចិត្តដែក ដូណាល់ ត្រាំ បានបញ្ជាឱ្យផ្អាករយៈពេល៩០ថ្ងៃលើជំនួយបរទេសភ្លាមៗ បន្ទាប់ពីការចូលកាន់តំណែងរបស់លោក ដោយបញ្ឈប់លើការផ្ដល់មូលនិធិគ្រប់យ៉ាង រួមទាំងកម្មវិធីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងជំងឺរាតត្បាតដ៏សាហាវ រហូតដល់ការកាត់ផ្តាច់ជំនួយជនភៀសខ្លួនរាប់លាននាក់នៅទូទាំងពិភពលោក៕

