រាជរដ្ឋាភិបាល នៅតែមានលទ្ធផលចំណាយ លើការជួយគាំពារប្រជាជន បង្កើនប្រាក់បៀវត្សមន្រ្តីរាជការរៀងរាល់ឆ្នាំ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែមានលទ្ធផលចំណាយទៅលើការជួយគាំពារប្រជាជន បង្កើនប្រាក់បៀវត្សមន្រ្តីរាជការជារៀងរាល់ឆ្នាំ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផងដែរ ។
ក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ឲ្យដឹងថា កន្លងទៅនេះ ដោយសារតែមានការយឺតយ៉ាវក្នុងការបើកផ្តល់ប្រាក់ជូនអតីតយុទ្ធជនដោយសារ បញ្ហាបច្ចេកទេស ក៏ស្រាប់តែមានមតិមួយចំនួនលើកឡើងថា ប្រហែលជារាជរដ្ឋាភិបាលអស់ថវិកា ហើយ ដែលការលើកឡើងបែបនេះ គឺជារឿងមិនពិតនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល មិនបានអស់ថវិកានោះទេ ប៉ុន្តែថែមទាំង មានលទ្ធផលដំឡើងប្រាក់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងបន្តផ្តល់ប្រាក់ឧបត្ថម្ភក្នុង១ឆ្នាំ២ដងថែមទៀតផង ៕

