លោក ដូណាល់ ត្រាំ នឹងយល់ព្រមដល់សំណើទិញយកក្រុមហ៊ុនផលិតដែកអាមេរិក US Steel ប្រសិនបើក្រុមហ៊ុន Nippon Steel កាន់កាប់ភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុន US Steel

វ៉ាស៊ីនតោន៖ បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងយល់ព្រម ដល់សំណើទិញយកក្រុមហ៊ុនផលិតដែកអាមេរិក US Steel ប្រសិនបើក្រុមហ៊ុន Nippon Steel កាន់កាប់ភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុន US Steel ប៉ុន្តែលោកបានកត់សម្គាល់ថា ក្រុមហ៊ុនផលិតដែករបស់ជប៉ុនមួយនេះកំពុងពិចារណាទិញបំណុលរបស់ក្រុមហ៊ុន US Steel ។
ការលើកឡើងរបស់លោក ត្រាំ បានធ្វើឡើងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះបានច្រានចោលសំណើរបស់ក្រុមហ៊ុនផលិតដែកជប៉ុន Nippon Steel ទិញក្រុមហ៊ុនផលិតដែកថែបអាមេរិកដែលកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុមួយនេះ។
លោក ត្រាំ បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងទៅកាន់អ្នកកាសែតនៅក្នុងការឆ្លើយតបទៅនឹងសំណួរថាតើគាត់នឹងគាំទ្រដល់សំណើទិញរបស់ក្រុមហ៊ុន Nippon ឬយ៉ាងណានោះថា៖ «ភាគហ៊ុនភាគតិច ខ្ញុំនឹងមិនអីទេ»។
លោក ត្រាំ បានបន្ថែមថា៖ «អ្វីដែលពួកគេកំពុងធ្វើនៅពេលនេះ គឺពួកគេនឹងក្លាយជាវិនិយោគិន ហើយខ្ញុំគិតថា ពួកគេនឹងវិនិយោគនៅក្នុងបំណុលនិងអ្វីផ្សេងទៀត»។
ក្រុមហ៊ុន Nippon Steel បានដាក់សំណើតម្លៃ ១៤,៩ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុន US Steel កាលពីខែធ្នូ ឆ្នាំ២០២៣ ដែលសន្យាថានឹងវិនិយោគរាប់ពាន់លានដុល្លារដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធចាស់ៗរបស់ក្រុមហ៊ុនអាមេរិកនេះ ហើយសន្យាថានឹងរក្សាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះនៅទីក្រុង Pittsburgh រដ្ឋ Pennsylvania ដដែល។
កិច្ចព្រមព្រៀងនេះបានប្រឈមមុខនឹងបញ្ហានយោបាយទាំងពីលោក ត្រាំ និងលោក ចូ បៃឌិន ដែលបានប្តេជ្ញាថានឹងបញ្ចប់ប្រតិបត្តិការទិញលក់នេះដោយលើកឡើងពីកង្វល់សន្តិសុខជាតិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕

